ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ជំហរគាំទ្រវិធានការម៉ឺងម៉ាត់បង្ក្រាបជនបរទេស២នាក់ ផលិតវីដេអូញុះញង់បំភ័ន្ដការពិត នៅខេត្តព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ហ៊ុន ម៉ានី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការម៉ឹងម៉ាត់ របស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបជនបរទេស២នាក់ ដែលផលិតវីដេអូញុះញង់បំភ័ន្ដការពិត បង្កឲ្យមានការវឹកវរ ជះឥទ្ធិពលដល់បញ្ហាសន្ដិសុខនៅក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុផ្ទាល់តែម្ដង។
តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញថា កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តព្រះសីហនុ បានបង្រ្កាបជនបរទេស ២នាក់ដែលបានផលិតមាតិកាវីដេអូ ក្នុងគោលបំណងញុះញង់ បំភ័ន្តមតិសាធារណជន អំពីបញ្ហាសន្តិសុខនៅព្រះរាជាណាចក្រកម្ពុជា។ នេះជាការរៀបចំសេណារីយោថត ដែលមានចេតនាទុច្ចរិតសុទ្ធសាធ របស់ជនបរទេសទាំង២នេះ ក្នុងការមួលបង្កាច់នូវអ្វីដែលជាស្ថានភាពជាក់ស្តែងនៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព។ ទង្វើទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមិនអាចអត់ឱនឱ្យបានឡើយ។ ឯកឧត្តមសង្ឃឹមថា នឹងមិនមានអំពើបែបនេះកើតឡើងសារជាថ្មីម្តងទៀតនោះទេ។
ឯកឧត្តម ហ៊ុន ម៉ានី សូមគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះវិធានការម៉ឹងម៉ាត់ ក្នុងការបង្រ្កាបបទល្មើសទាំងអស់នេះ ដើម្បីជាសារព្រមាន ដោយមិនអនុញ្ញាតឱ្យមានអំពើទុច្ចរិតបែបនេះត្រូវបានប្រព្រឹត្ត នៅអនាគត មិនថាប្រព្រឹត្តដោយជនបរទេសពីប្រទេសណាមួយនោះទេ។ ទន្ទឹមនឹងនេះ ឯកឧត្តម សូមអំពាវនាវដល់ជនរួមជាតិ និងមិត្តភក្តិទាំងអស់ចូលរួមទប់ស្កាត់ការចែកចាយ និងផ្សព្វផ្សាយមាតិកាដែលមានលក្ខណៈបំភ្លៃការពិត និងមានចរិតញុះញង់ឱ្យមានការយល់ច្រលំមកលើសង្គមជាតិរបស់យើង៕