អ្នកគាំទ្រ ធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធ ដល់មេដឹកនាំប្រឆាំងរុស្ស៊ី និងតវ៉ា កាន់តែច្រើន
បរទេស៖ នាទីក្រុងហ្សឺណែវ មនុស្សរាប់សិបនាក់ បានកាន់ទុក្ខចំពោះការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ី លោក អាឡិចសេ ណាវ៉ាលនី(Alexei Navalny) កាលពីថ្ងៃម្សិលមិញ នៅខាងមុខអគាររបស់អង្គការសហប្រជាជាតិ ដោយកាន់ផ្កាពណ៌ស និងផ្ទាំងរូបភាពនិងបដា សរសេរថា «លោកពូទីន គឺជាឃាតករ»។
អាជ្ញាធរ បានលើកឡើងថា លោក Navalny ដែលជាគូប្រជែងក្នុងស្រុកដ៏គួរឱ្យខ្លាចបំផុតរបស់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានសន្លប់ ហើយក៏បានស្លាប់កាលពីថ្ងៃសុក្រ។ លោក រ៉ាឆែល ដេនប៊ឺ (Rachel Denber) អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងនាយករងនៃផ្នែកនៅតំបន់អឺរ៉ុប និងអាស៊ីកណ្តាល បាននិយាយថា អាជ្ញាធររុស្ស៊ី ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការស្លាប់របស់លោក Navalny ហើយសកម្មជនផ្សេងៗទៀតនៅក្នុងពន្ធនាគារ កំពុងស្ថិតក្នុងគ្រោះថ្នាក់ខ្លាំង។
លោក Navalny ធ្លាប់ជាមេដឹកនាំប្រឆាំងដ៏លេចធ្លោបំផុត ចាប់តាំងពីការចេញមុខជាអន្តរជាតិ ក្នុងអំឡុងពេលបាតុកម្មតាមនៅដងផ្លូវក្នុងឆ្នាំ ២០១១ ហើយអ្នកគាំទ្រមួយចំនួន បានជឿថានៅទីបំផុត លោកនឹងធ្វើដំណើរដោយសេរី និងក្លាយជាមេដឹកនាំរុស្ស៊ី។ ការស្លាប់របស់លោក ប្រសិនបើត្រូវបានបញ្ជាក់ គឺវាបានទុកឱ្យក្រុមដែលប្រឆាំង លោក ពូទីន នៅខ្ចាត់ខ្ចាយ គ្មានក្បាលម៉ាស៊ីន។
ទន្ទឹមគ្នានេះ ក្រុមបាតុកររាប់រយនាក់ បានមកប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅខាងក្រៅស្ថានទូតរុស្ស៊ីក្នុងទីក្រុងប៊ែកឡាំងកាលពីយប់ថ្ងៃសុក្រ ដើម្បីរំលឹកដល់មេដឹកនាំប្រឆាំងរុស្ស៊ីលោក លោក Alexei Navalny ដោយស្រែកថា «លោកពូទីនគឺជាឃាតករ» និង «លោកពូទីន ត្រូវតែទៅកាន់ទីក្រុងឡាអេ» នៅក្នុងលាយឡំគ្នាជាភាសារុស្ស៊ី អាល្លឺម៉ង់ និងអង់គ្លេស។
ជាមួយគ្នានេះ ក្រុមបាតុករប្រមាណ១០០នាក់ បានមកប្រមូលផ្តុំគ្នា នៅជិតស្ថាតទូតរុស្ស៊ី ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដើម្បីតវ៉ាការស្លាប់របស់លោក Alexei Navalny ជាអ្នករិះគន់វិមានក្រឹមឡាំង ដែលមានកាន់ស្លាកសញ្ញារិះគន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលមនុស្សជាច្រើនបានដាក់កំហុសចំពោះការស្លាប់របស់សកម្មជនរូបនេះ៕