ទាហានរដ្ឋាភិបាល សម្លាប់រង្គាលលើប្រជាជនអេត្យូពី នៅក្នុងផ្ទះរបស់ពួកគេ
នៅតំបន់Amhara៖ យ៉ាងហោចណាស់ជនស៊ីវិល ៤៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់ពីផ្ទះមួយទៅផ្ទះមួយ ដោយទាហានអេត្យូពី កាលពីខែមុន នៅក្នុងទីក្រុងមីរ៉ាវី (Merawi) ភាគខាងជើង នេះបើតាមការលើកឡើងពីក្រុមឃ្លាំមើលសិទ្ធិមនុស្សរបស់ប្រទេសនេះ ។
សាក្សីបានប្រាប់សារព័ត៌មាន BBCថា ស្ត្រីមានផ្ទៃពោះម្នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេបាញ់ទាំងនោះផងដែរ។ ក្រោយមក ស្ត្រីនោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យ នេះបើយោងតាមក្រុមគ្រូពេទ្យបឋម។
រដ្ឋាភិបាលអេត្យូពី មិនបានធ្វើអត្ថាធិប្បាយអំពីការសម្លាប់នេះទេ។ ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យ។ នេះគឺជាដំណាក់កាលដ៏អាក្រក់បំផុតមួយនៃអំពើហិង្សា នៅក្នុងតំបន់អាមហារ៉ា ( Amhara) ចាប់តាំងពីខែសីហា ឆ្នាំមុន នៅពេលដែលកងជីវពលហ្វាណូ ( Fano) ក្នុងស្រុកដ៏មានឥទ្ធិពល បានចាប់ផ្តើមការបះបោរប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការដកហូតអាវុធរបស់ពួកគេ។
មុនពេលនោះ កងជីវពលហ្វាណូ ធ្លាប់ជាសម្ព័ន្ធមិត្តរបស់កងទ័ពអេត្យូពីដែលប្រយុទ្ធប្រឆាំងនឹងសត្រូវរួមរបស់ពួកគេ គឺក្រុមឧទ្ទាមនៃរណសិរ្សរំដោះប្រជាជនទីហ្គ្រេ (TPLF) នៅក្នុងតំបន់ទីហ្គ្រេ (Tigray) ដែលនៅជិតខាង។
បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានព្រមព្រៀងគ្នានៅទីក្រុងទីហ្គ្រេ អាជ្ញាធរបានប្រកាសថា កងជីវពលហ្វាណូ និងកងជីវពលផ្សេងទៀត នឹងត្រូវបានដកហូតអាវុធ។
កងជីវពលហ្វាណូ មិនចង់ឲ្យកងកម្លាំងរបស់ពួកគេត្រូវបានរំសាយទេ ព្រោះពួកគេបារម្ភថា វានឹងធ្វើឲ្យពួកគេប្រឈមនឹងការវាយប្រហារពីតំបន់ជិតខាង៕