ទឹកប្រាក់២៥លានអឺរ៉ូ ក្រុមហ៊ុន Google សន្យាផ្តល់ឲ្យអឺរ៉ុប ដើម្បីលើកកម្ពស់ជំនាញ AI
ទឹកប្រាក់ចំនួន ២៥លានអឺរ៉ូ (ជិត ២៧លានដុល្លារអាមេរិក) ក្រុមហ៊ុន Google បានសន្យាផ្តល់ឲ្យ ដើម្បីជួយដល់ប្រជាជននៅតំបន់អឺរ៉ុបរៀនប្រើបញ្ញាសិប្បនិម្មិត (AI)។
ការប្រកាសពីការផ្តល់មូលនិធិ កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានឲ្យដឹងថា ខ្លួនបានចាប់ផ្ដើមបើកនូវកម្មវិធី សម្រាប់បណ្ដាសហគ្រាសសង្គម និងអង្គការមិនរកប្រាក់កម្រៃដែលអាចជួយទៅដល់អ្នក ដែលនឹងអាចទទួលបានអត្ថប្រយោជន៍ពីការបណ្តុះបណ្តាលនេះ។
ក្រុមហ៊ុនក៏នឹងដំណើរការជាបន្តបន្ទាប់ផងដែរនូវ «សហមគមន៍សហគ្រិន” ដើម្បីជួយដល់ក្រុមហ៊ុនប្រើប្រាស់ AI ធ្វើឲ្យក្រុមហ៊ុនរបស់ពួកគេរីកចម្រើន និងបានពង្រីកវគ្គបណ្តុះបណ្តាល AI តាមអ៊ីនធឺណិត ដោយឥតគិតថ្លៃរហូតដល់ ១៨ភាសា។
កាលពីខែមករា ក្រុមហ៊ុន Google បានប្រកាសថា ខ្លួននឹងវិនិយោគ ១ពាន់លានដុល្លារអាមេរិក ដើម្បីកសាងមជ្ឈមណ្ឌលទិន្នន័យ នៅខាងក្រៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ខណៈដែលក្រុមហ៊ុនចាត់វិធានការដើម្បីបំពេញតាមការកើនឡើងនូវតម្រូវការនៃសេវាកម្មអ៊ីនធឺណិត នៅក្នុងតំបន់។
ក្រុមហ៊ុនដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិរបស់សហរដ្ឋអាមេរិក Alphabet បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មជ្ឈមណ្ឌលទិន្នន័យដែលមានទីតាំងនៅលើផ្ទៃដីទំហំ ១៣ហិកតា ដែលក្រុមហ៊ុន Google បានទិញក្នុងឆ្នាំ២០២០ នឹងមានទីតាំងនៅទីក្រុង Waltham Cross ចម្ងាយប្រហែល ២៥គីឡូម៉ែត្រភាគខាងជើងនៃកណ្តាលទីក្រុងឡុងដ្រ៍៕