លោក Biden រងការវាយប្រហារពីគូប្រជែង ដោយនិយាយថា លោកប្រធានាធិបតីរូបនេះ មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ
អាមេរិក៖ សមត្ថភាពផ្លូវចិត្ត និងអាយុរបស់បេក្ខភាពប្រធានាធិបតីទាំង២ របស់សហរដ្ឋអាមេរិក បានស្ថិតនៅចំណុចកណ្តាលនៅលើផ្លូវនៃយុទ្ធនាការកាលពីថ្ងៃសៅរ៍១០កុម្ភៈ ខណៈអតីតប្រធានាធិបតីលោក Donald Trump បានចោទប្រកាន់លោកប្រធានាធិបតី Joe Biden ថាខ្វះសមត្ថភាពផ្លូវចិត្តក្នុងការធ្វើជាប្រធានាធិបតី បន្ទាប់ពីរបាយការណ៍ដែលលើកឡើងថា លោក Biden មានជំងឺភ្លេចភ្លាំង។
បញ្ហានេះបានផ្តោតសំខាន់ជាថ្មីបន្ទាប់ពីរដ្ឋអជ្ញាពិសេសលោក រ៉ូប៊ើត ហ៊ើ (Robert Hur) អតីតរដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៅរដ្ឋម៉ារីលែន(Maryland)ក្នុងអំឡុងរដ្ឋបាលរបស់លោក Trump បាននិយាយនៅក្នុងរបាយការណ៍របស់លោកថាលោកបានជ្រើសរើសមិននាំយកការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងលោក Biden បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ១៥ ខែលើការគ្រប់គ្រងឯកសារដែលត្រូវបានផ្ទៀងផ្ទាត់រួច របស់លោកប្រធានាធិបតីរូបនេះ។
លោក ហ៊ើ (Hur) បាននិយាយថា អ្នកកាន់អំណាចមកពីបក្សប្រជាធិបតេយ្យបច្ចុប្បន្ននឹងពិបាកក្នុងការកាត់ទោស ហើយបានពណ៌នារូបលោកថាជា បុរសវ័យចំណាស់មានការចងចាំខ្សោយ ដែលមិនអាចរំលឹកដល់ក្រុមអ្នកស៊ើបអង្កេតនៅពេលដែលកូនប្រុសរបស់លោកឈ្មោះបូបៃឌិន (Beau Biden) បានស្លាប់ក្នុងវ័យ៤៦ឆ្នាំដោយសារជំងឺមាហារីកខួរក្បាល។
នៅឯការប្រមូលផ្តុំមួយនៅ ទីក្រុង ខុនវ៉េ (Conway) រដ្ឋ South Carolina លោក Trump បាននិយាយថារបាយការណ៍របស់លោក ហ៊ើ (Hur) បានបង្ហាញថាលោក Biden មិនសមនឹងធ្វើជាមេបញ្ជាការរបស់យើងទេ។
លោក Biden បានបដិសេធពោពេញដោយកំហឹងចំពោះការចោទប្រកាន់របស់លោក ហ៊ើ អំពីការចងចាំរបស់លោក ដោយបាននិយាយ នៅក្នុងការបង្ហាញខ្លួននៅសេតវិមានកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ការចងចាំរបស់លោកគឺល្អណាស់៕