នគរបាលរាជធានីភ្នំពេញ យប់មិញឃាត់យានយន្ត ល្មើសបាន៩៤ គ្រឿង ក្នុងនោះល្មើសជាតិស្រវឹង ៦២ គ្រឿង

ភ្នំពេញ៖ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានី បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្នុងនោះបានឃាត់យានយន្តល្មើសបាន ៩៤ គ្រឿង ក្នុងនោះល្មើសជាតិស្រវឹង ៦២ គ្រឿង នាយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលបានលទ្ធផល ធ្វើឡើងក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលនេះ នាយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ក្នុងនោះបានឃាត់យានយន្តល្មើស ចំនួន៩៤គ្រឿង (រថយន្ត ចំនួន៣៦គ្រឿង ម៉ូតូ ចំនួន៥៨គ្រឿង)។ ក្នុងនោះ ១-ល្មើសជាតិស្រវឹង ចំនួន៦២ គ្រឿងដែលមានកម្រិត ០.២៥ – ០.៣៩ mg/L ចំនួន ២៦ គ្រឿង។

ចំណែកអ្នកបើកបរម៉ូតូ ចំនួន ១៦ នាក់ អ្នកបើកបររថយន្ត ចំនួន ១០ នាក់ កម្រិត ០.៤០ mg/L ឡើង ចំនួន ៣៦ គ្រឿង។ អ្នកបើកបរម៉ូតូ ចំនួន ១៧ នាក់ អ្នកបើកបររថយន្ត ចំនួន ១៩ នាក់ រួមនឹងបទល្មើសផ្សេងៗ ចំនួន ៣២ គ្រឿង ក្នុងនោះ អត់មួកសុវត្ថិភាព ចំនួន ២៥ គ្រឿង រថយន្តគ្មានប័ណ្ណបើកបរ ចំនួន៥ គ្រឿង រថយន្តកែច្នៃខុសបច្ចេកទេស ចំនួន ១ គ្រឿង និងរថយន្តប័ណ្ណបើកបរហួសសុពលភាព ចំនួន១គ្រឿង៕