មេដឹកនាំកំពូលរុស្សី គំរាមសង្គ្រាមពិភពលោក បើសិនអាមេរិកដាក់ពង្រាយទ័ពនៅអ៊ុយក្រែន
រុស្សី៖ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានគំរាមកំហែងសហរដ្ឋអាមេរិក ជាមួយនឹងសង្រ្គាមសកលដែលនឹង«នាំមនុស្សជាតិទៅកាន់មាត់ជ្រោះគ្រោះថ្នាក់ បើសិនខ្លួនដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន។
លោកប្រធានាធិបតីរុស្ស៊ី បានអំពាវនាវដល់អាមេរិកឲ្យបញ្ឈប់ការប្រយុទ្ធគ្នា នៅអ៊ុយក្រែន និងជំរុញឲ្យមានសន្តិភាព ដោយប្រាប់បុគ្គលិកទូរទស្សន៍អាមេរិក ទុកគឺ ខាលសុន ( Tucker Carlson)ថា ៖«យើងត្រូវតែរកផ្លូវចេញពីស្ថានភាពនេះ»។
ថ្លែងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់ខ្លួន ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ លោកពូទីន បានបង្ហាញខ្លួនជាសញ្ញាជាលើកដំបូងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បានចូលរួមក្នុងកិច្ចចរចាសន្តិភាពអំពីសង្គ្រាមក្រៅផ្លូវការ។
លោកពូទីន បានប្រាប់លោក ខាលសុនថា៖«ទំនាក់ទំនងមួយចំនួន កំពុងត្រូវបានរក្សា ប៉ុន្តែបានបដិសេធមិននិយាយលម្អិតបន្ថែមទៀត»។
ថ្វីត្បិតជាយ៉ាងណាក៏ដោយ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានបន្ថែមថា៖«ប្រសិនបើនរណាម្នាក់ មានបំណងប្រាថ្នាចង់បញ្ជូនកងទ័ពជាទៀងទាត់ នោះប្រាកដជានឹងនាំមនុស្សជាតិទៅកាន់មាត់ជ្រោះនៃជម្លោះពិភពលោកដ៏ធ្ងន់ធ្ងរមួយ»។
លោក ពូទីន ដែលមានវ័យ៧១ឆ្នាំហើយនោះ ក៏បានចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរិស ចន សុន (Boris Johnson)ពីការបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន នៅនិទាឃរដូវឆ្នាំ ២០២២៕