ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.) អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ គ.ស.ហ. ដើម្បីដាក់ចេញទិសដៅការងារបន្តបន្ទាប់ សំដៅធានានិរន្តរភាពនៃការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.ស.ហ. បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ គ.ស.ហ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិកនៃ គ.ស.ហ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាសភាពប្រធានដឹកនាំតាមម៉ូឌុលនីមួយៗនៃអនុគណៈកម្មការវាយតម្លៃថ្នាក់ជាតិស្ដីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីដាក់ចេញទិសដៅការងារប្រឆាំងការសម្អាតប្រាក់ សំដៅសម្រេចឱ្យបាននូវរបាយការណ៍វាយតម្លៃថ្នាក់ជាតិលើក២ ក្នុងឆ្នាំ២០២៤ កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគោរពសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំយន្តការអន្តរស្ថាប័នដ៏មានសារៈសំខាន់នេះ។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តម លោកជំទាវ ដែលត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអនុប្រធាន និងសមាជិក នៃ គ.ស.ហ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គ.ស.ហ. បានគូសបញ្ជាក់ថាការងារប្រឆាំងការសម្អាតប្រាក់នៅតែជាកិច្ចការអាទិភាពមួយរបស់កម្ពុជា ទោះបីជាកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ របស់ FATF កាលពីឆ្នាំ២០២៣ ក៏ដោយ។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គ.ស.ហ. បានស្នើឱ្យក្រសួង ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងក្នុងការប្រឆាំងការសម្អាតប្រាក់ ប្រកបដោយភាពម្ចាស់ការ និងស្មារតីបុរេសកម្ម ដើម្បីឱ្យយន្តការមួយនេះដំណើរការទៅដោយរលូន មានប្រសិទ្ធភាពខ្ពស់ ព្រមទាំងធានាបាននូវនិរន្តរភាព សំដៅធ្វើយ៉ាងណាកុំឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះរបស់ FATF ជាថ្មីម្ដងទៀត ដែលនេះជាបំណងប្រាថ្នានយោបាយ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕