អ្នកដំណើរឆែនណាន់តាន់តាប់ពេញ ស្ថានីយរថភ្លើងក្រុងប៉េកាំង វេលាអ្នកស្រុកបានចេញដំណើរទៅចូលរួមបុណ្យចូលឆ្នាំថ្មី

ប៉េកាំង៖ ស្ថានីយអយស្ម័យយានក្រុងប៉េកាំង ត្រូវគេមើលឃើញមានកំណើនអ្នកដំណើរកាលពីថ្ងៃព្រហស្បតិ៍នេះ ជាវេលាអ្នកដំណើររាប់រយលាននាក់ ក្នុងប្រទេសចិន កំពុងធ្វើដំណើរត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ ដើម្បីទៅជួបជុំអ្នកជាទីស្រលាញ់របស់ពួកគេ និងប្រារព្ធពិធីចូលឆ្នាំថ្មី។

សម្រាប់អ្នកដំណើរដូចជា អ្នកបង្កើតកម្មវិធីឈ្មោះ យូ ជី(Yu Qi)អាយុ២៧ឆ្នាំដែលមានស្រុកកំណើតនៅ ខេត្ដហ៊ើណាន បានអោយដឹងថា ការធ្វើដំណើរទៅផ្ទះនឹងត្រូវចំណាយពេល២០ម៉ោង ទោះបីជា ប្រទេសចិនមានបណ្ដាញផ្លូវដែកល្បឿនលឿនធំជាងគេជាងគេបំផុតក្នុងពិភពលោកក៏ដោយ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានព្យាករណ៍ទុកនូវកំណត់ត្រាមួយថា ការធ្វើដំណើរក្នុងស្រុកមាន៩ពាន់លានដំណើរនៅក្នុងអំឡុងពេលធ្វើដំណើរ៤០ថ្ងៃ ដ៏មមាញឹកនៅជុំវិញថ្ងៃឈប់សំរាកចូលឆ្នាំចិន ដែលក្នុងចំណោមនោះ មានប្រមាណជា៨០% នឹងធ្វើដំណើរតាមមធ្យោបាយខ្លួនឯង៕