ទីតាំងល្បែងមួយកន្លែង អាជ្ញាធរឆ្មក់ចុះបង្ក្រាប់ និងឃាត់ខ្លួនចំនួន ២៣នាក់

ភ្នំពេញ៖ ការចុះបង្រ្កាបទីតាំងមួយកន្លែង ពីកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានបង្កប់ល្បែងស៊ីសង ដូចជា មាន់ជល់ បៀរការ៉ាត់ បាល់អនឡាញ និងឃាត់បានមនុស្សប្រុសស្រី២៣នាក់ ម៉ូតូចំនួន១៦គ្រឿង និងកង់បីឥណ្ឌាចំនួន០៤គ្រឿង ។

ក្នុងប្រតិបិត្តការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង ០៧ យប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវលេខ ១៤៤ កែងផ្លូវ ១៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាល ដែលចុះប្រតិបត្តិការបានឲ្យដឹងថាក្រោយទទួលបានសេចក្ដីរាយការណ៍និងសំណូមពរពីប្រជាពលរដ្ឋ ថាទីតាំងនេះមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ប្រមូលផ្ដុំមនុស្ស ក្មេងចាស់ប្រុសស្រីទាំងយប់ទាំងថ្ងៃ បង្កភាពអសន្តិសុខ ធ្វើឲ្យប្រជាពលរដ្ឋដែលមានលំដ្ឋានក្បែរនោះមានការភ័យខ្លាច ពីសំណាក់ក្រុមអ្នកញៀនល្បែងទាំងនេះ។ ដូច្នេះកម្លាំងជំនាញព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សដកហូតវត្ថុតាងជាក់ស្ដែងតែម្ដង។

ជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរទីតាំងនោះបានឲ្យដឹងថាទីតាំងនេះគឺបើកបង្កប់ល្បែងស៊ីសងយូរណាស់មកហើយដែលស្ថិតនៅទល់មុខនិងសង្កាត់ផ្សារកណ្ដាល១ តែម្ដង ដោយគ្មានខ្លាចញញើតអាជ្ញាធរនោះឡើយ។

បច្ចុប្បន្នមនុស្សប្រុសស្រីចំនួន២៣នាក់ រួមទាំងម៉ូតូ កង់បីឥណ្ឌា និងវត្ថុតាងមួយចំនួន ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕