លោក Trump ចេញយុទ្ធនាការអង្គាសបានប្រាក់ជាង៧លានដុល្លារ ក្រោយការថតរូបនៅពន្ធនាគារជាប្រវត្តិសាស្ត្រនៅរដ្ឋចចា

សហរដ្ឋអាមេរិក៖ ចាប់តាំងពីការថតរូបដែលត្រូវបានថតនៅក្នុងពន្ធនាគាររបស់លោកនៅទីក្រុង Atlanta រដ្ឋចចា( Georgia)កាលពីថ្ងៃព្រហស្បតិ៍ ទី២៤សីហា ឆ្នាំ២០២៣មក ការរៀបចំយុទ្ធនាការបោះឆ្នោតរបស់លោក Donald Trump និយាយថា ខ្លួនបានរៃអង្គាសបានប្រាក់ចំនួន៧,១លានដុល្លារអាមេរិក ។

ភាគច្រើននៃប្រាក់ទាំងនេះ រកបានពីការលក់ទំនិញដូចជា ពែងកាហ្វេ អាវយឺត ស្រោមដាក់ភេសជ្ជៈ ដែលមានរូបថតទឹកមុខក្រញូវរបស់អតីតប្រធានាធិបតីរូបនេះ ។

លោក Trump ត្រូវបានដោះលែងដោយបង់ប្រាក់ធានាខ្លួន ក្រោមបទចោទប្រកាន់ពីបទរៀបចំផែនការបង្វែរលទ្ធផលក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០។

លោកប្រឈមការចោទប្រកាន់ចំនួន៣ករណីផ្សេងទៀត ខណៈលោកធ្វើយុទ្ធនាការរកសំឡេងឆ្នោតសម្រាប់ឆ្នាំ២០២៤។

ការចោទប្រកាន់ទាំងនោះ រួមបញ្ចូលទាំង ២ករណីដែលជាប់ពាក់ព័ន្ធការអះអាងខុសការពិតរបស់លោកថា ការបោះឆ្នោតនោះត្រូវបានគេលួច និងការវាយប្រហារដោយក្រុមអ្នកគាំទ្ររបស់លោកលើវិមានកាពីតូលក្នុងទីក្រុងវ៉ាស៊ីនតោន ។

ការចូលរួមនេះទំនងជាបានជំរុញដល់ក្រុមអ្នកគាំទ្ររបស់លោក ហើយលោកបានអង្គាសបានប្រាក់ជិត២០លានដុល្លារក្នុងរយៈពេល៣សប្ដាហ៍ ចាប់តាំងពីការចោទប្រកាន់លើរូបលោកក្នុងរដ្ឋចចា និងអំពើកុបកម្មនៅវិមានកាពីតូល។

កាលពីថ្ងៃសុក្រ ភ្លាមៗបន្ទាប់ពីការចាប់ខ្លួនលោកក្នុងរដ្ឋចចា លោកអង្គាសបាន ៤,១៨ លានដុល្លារ ដែលត្រូវបានគេនិយាយថា ជាចំនួនខ្ពស់បំផុតរបស់លោកក្នុងពេល២៤ម៉ោង ក្នុងយុទ្ធនាការនេះ ៕