យុទ្ធនាការគណបក្ស PTI របស់លោក Imran Khan ប្រើAI និងស្ត្រីជួយដោយសម្ងាត់

បរទេស៖ លោក Imran Khan អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន អាចនឹងរស់នៅក្នុងពន្ធនាគារ បន្ទាប់ពីតុលាការជាច្រើនបានកាត់ទោសឲ្យលោកជាប់ពន្ធនាគារ នៅមុនពេលការបោះឆ្នោតជាតិ។ ប៉ុន្តែយុទ្ធនាការសម្រាប់គណបក្សរបស់លោក គឺគណបក្ស PTI នៅតែបន្តធ្វើជាសម្ងាត់ ដោយមានជំនួយពីស្ត្រី និងបញ្ញាសិប្បនិម្មិត (AI)។ ប៉ុន្មានថ្ងៃមុនការបោះឆ្នោតថ្ងៃទី៨ ខែកុម្ភៈ ស្ត្រីវ័យ ២៥ឆ្នាំ ឈ្មោះ Komal Asghar ដឹកនាំក្រុមស្ត្រីដើរតាមច្រកផ្លូវនានា ក្នុងទីក្រុង Lahore ភាគខាងកើត ដែលទាំងអស់គ្នាពាក់ម៉ាស់ និងរុំស្បៃគ្របក្បាល។ ស្ត្រីទាំងនោះកំពុងគោះទ្វារ និងចែកខិត្តប័ណ្ណដែលមានរូបថតអតីតនាយករដ្ឋមន្ត្រី។

ដោយនិយាយបន្ថែមថា សាធារណៈជនយល់ថា ស្ត្រីមិនមែនជាការគំរាមកំហែងនោះ នាង Asghar និយាយថា៖ «វាងាយស្រួលសម្រាប់ស្ត្រីដែលធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយ ហើយប្រសិនបើពួកគេមានអារម្មណ៍ថា មានការគំរាមកំហែងណាមួយ ពួកគេអាចលបចូលទៅក្នុងផ្ទះណាមួយបាន»។

អ្នកធ្វើយុទ្ធនាការរបស់គណបក្ស PTI ភ័យខ្លាចយោធាដ៏មានឥទ្ធិពលរបស់ប្រទេសនេះ បន្ទាប់ពីលោក Khan ត្រូវបានទម្លាក់ពីអំណាចនៅឆ្នាំ២០២២ ហើយបានមានជម្លោះជាមួយពួកគេ។ ចាប់តាំងពីពេលនោះមក គណបក្សនេះបានចោទប្រកាន់យោធាថា បានព្យាយាមតាមកម្ចាត់ពួកគេ។

ក្រៅពីលោក Khan ដែលជាប់ពន្ធនាគារតាំងពីខែសីហាមកនោះ បេក្ខជនរបស់គនបក្ស PTI ជាច្រើននាក់ផ្សេងទៀតកំពុងស្ថិតក្រោមការឃុំខ្លួន ឬកំពុងរត់គេចពីការចោទប្រកាន់ពីបទឧក្រិដ្ឋ និងអំពើភេរវកម្មដែលពួកគេនិយាយថា មានហេតុផលនយោបាយ។ គណបក្ស PTI ក៏និយាយផងដែរថា ផ្ទាំងរូបភាពរបស់បេក្ខជនត្រូវបានដកចេញ ហើយការប្រមូលផ្តុំរបស់ពួកគេត្រូវបានរំខាន។ យោធាបដិសេធការចោទប្រកាន់នេះ។

ហើយអាជ្ញាធរបាននិយាយថា ពួកគេគ្រាន់តែបញ្ឈប់គណបក្ស PTI មិនឲ្យធ្វើយុទ្ធនាការ នៅពេលដែលគណបក្សនេះមិនទទួលបានការអនុញ្ញាត ឬប្រសិនបើអ្នកគាំទ្រអនុវត្តផ្ទុយនឹងច្បាប់៕