ការប្រកាសស្វាគមន៍ពីពលរដ្ឋថៃ លើដំណើរទស្សនកិច្ច នាយករដ្ឋមន្ត្រីកម្ពុជា
ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹង ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃនៅសប្តាហ៍នេះ ពលរដ្ឋថៃជាច្រើននាក់បានសម្តែងក្តីរីករាយ និងគាំទ្រចំពោះដំណើរទស្សនកិច្ចជាផ្លូវការនេះ។
លោកស្រី ម៉ារី តាយ៉ូ ជាប្រជាពលរដ្ឋថៃរស់នៅទីក្រុងបាងកក បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូអមដំណើរដោយក្តីរីករាយ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តប តាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន នឹងជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ស្របគ្នានេះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីមួយចំនួន។ បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាបើកនៅក្នុង វេទិកាធុរកិច្ចកម្ពុជា-ថៃផងដែរ៕