ហ្សកហ្ស៊ី៖ រឹបអូសបានគ្រឿងផ្ទុះដែលបញ្ជូនចេញពីអ៊ុយក្រែនទៅកាន់រុស្ស៊ី

បរទេស៖ ការលើកឡើងនៅថ្ងៃម្សិលមិញពីសេវាកម្មសន្តិសុខរដ្ឋរបស់ហ្សកហ្ស៊ីថា ខ្លួនរឹបអូសបានការដឹកជញ្ជូនគ្រឿងផ្ទុះដែលធ្វើដំណើរទៅកាន់ទីក្រុង Voronezh របស់រុស្ស៊ី ចេញពីកំពង់ផែ Odesa របស់អ៊ុយក្រែន ។

គ្រឿងផ្ទុះទាំងនេះ បានលាក់នៅក្នុងទំនិញអាគុយរថយន្តដែលចូលក្នុងប្រទេសហ្សកហ្ស៊ី កាលពីខែមករា ចេញពីអ៊ុយក្រែន ឆ្លងកាត់រ៉ូម៉ានី ប៊ុលហ្គារី និងទួរគី ហើយត្រូវរឹបអូសបាននៅចំណុចព្រំដែនរបស់ពួកគេជាមួយរុស្ស៊ី យោងតាមទីភ្នាក់ងារសន្តិសុខក្នុងស្រុកហ្សកហ្ស៊ី បានលើកឡើង ។

នៅក្នុងសេចក្តីថ្លែងការណ៍ ពួកគេបាននិយាយថា ទំនិញគ្រឿងផ្ទុះទាំងនេះ បានមកដល់ហ្សកហ្ស៊ី នៅក្នុងរថយន្តដឹកទំនិញគ្រប់គ្រងដោយអ៊ុយក្រែន ហើយត្រូវបានគេដឹកបញ្ចូនទៅកាន់ទីក្រុង Voronezh របស់រុស្ស៊ី ដែលមានចម្ងាយប្រហែល ១៨០គ.មពីព្រំដែនអ៊ុយក្រែន ។ ពួកគេពុំបានបញ្ជាក់ថាតើគ្រឿងផ្ទុះទាំងនេះ ដឹកជញ្ជូនក្នុងបុព្វហេតុអ្វីនោះទេ ។

ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី កាលពីឆ្នាំ ២០២២ និយាយថា គ្រឿងផ្ទុះផ្ទុកក្នុងរថយន្តត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារដែលបានបំផ្លិចបំផ្លាញធ្ងន់ធ្ងរស្ពាន់គ្រីមៀ ដែលចូលរុស្ស៊ីចេញពីអ៊ុយក្រែនតាមផ្លូវស្រដៀងគ្នា ។

ចំនែកឯ ទីភ្នាក់ងារសន្តិសុខ SBU របស់អ៊ុយក្រែន ដែលប្រកាសទទួលស្គាល់ការវាយប្រហារជាបន្តបន្ទាប់លើគោលដៅរុស្ស៊ី ពុំបានឆ្លើយតបភ្លាមៗនោះឡើយចំពោះសំណើរសុំសេចក្តីអត្ថាធិប្បាយ ៕