ទីក្រុងធំៗនៃតំបន់ហ្កាហ្សា ក្រុមហាម៉ាស ប្រយុទ្ធតបតនឹងកងកម្លាំងអ៊ីស្រាអែល យ៉ាងខ្លាំងក្លា

បរទេស៖ នៅក្នុងទីក្រុងសំខាន់ៗចំនួនពីររបស់តំបន់ហ្កាហ្សាស្រ្ទីប ប៉ុន្មានសប្តាហ៍បន្ទាប់ពីទីក្រុងទាំងនោះត្រូវបានត្រួតត្រាដោយកងទ័ព និងរថក្រោះ ដោយនេះជាសញ្ញាមួយដែលបង្ហាញថាក្រុមហាម៉ាស នៅតែរក្សាការគ្រប់គ្រងមួយចំនួនមុនពេលលទ្ធភាពនៃបទឈប់បាញ់ណាមួយកើតឡើង ក្រុមខ្មាន់កាំភ្លើងប៉ាឡេស្ទីន បានបន្តការវាយប្រហារប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃម្សិលមិញ ។

រយៈពេលជិត ៤ខែនៃសង្រ្គាម ដែលបង្កឡើងដោយការវាយលុកឆ្លងព្រំដែនដ៏បង្ហូរឈាមរបស់ក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីនមួយនេះក្នុងប្រទេសអ៊ីស្រាអែល មានការប្រយុទ្ធគ្នាជាបន្តបន្ទាប់នៅទីក្រុងហ្កាហ្សា ភាគខាងជើងនៃតំបន់ហ៊ុមព័ន្ធដែលមានប្រជាជនច្រើន និងនៅទីក្រុង ខាន់ យូនីស (Khan Younis) ភាគខាងត្បូង។

លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់អ៊ីស្រាអែល បាននិយាយថា កងវរសេនាតូចប្រយុទ្ធចំនួន ១៧កង ក្នុងចំណោមក្រុមប្រយុទ្ធ ២៤ក្រុម របស់ក្រុមហាម៉ាស ត្រូវបានកម្ចាត់។ លោកបាននិយាយថា ខ្មាន់កាំភ្លើងដែលនៅសល់ភាគច្រើនស្ថិតនៅភាគខាងត្បូងនៃតំបន់ ហ្កាហ្សាស្រ្ទីប រួមទាំងក្រុង រ៉ាហ្វាហ្វ (Rafah) នៅតាមព្រំដែនអេហ្ស៊ីបរបស់តំបន់ហ៊ុមព័ទ្ធនេះ។

ការព្យាករណ៍នៃការរុញច្រានចូលទៅក្នុងទីក្រុង រ៉ាហ្វាហ្វ បានបង្កើនសម្ពាធទៅលើជនស៊ីវិលប៉ាឡេស្ទីនរាប់សែននាក់ ដែលបានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេទៅកន្លែងផ្សេង ហើយកំពុងជ្រកកោននៅទីនោះ។ បញ្ហានេះក៏បង្កការព្រួយបារម្ភដល់ទីក្រុងគែរ ផងដែរ ដែលបាននិយាយថាខ្លួននឹងមិនទទួលយកការហូរចូលនៃជនភៀសខ្លួនប៉ាឡេស្ទីនឡើយ៕