ករណីបាក់រលំអណ្តូងរ៉ែធ្យូងថ្ម បានស្លាប់មនុស្ស៤នាក់ ក្នុងនៅប្រទេសវៀតណាម

វៀតណាម៖ កាសែតរដ្ឋ​របស់​វៀតណាម Thanh Nien កាលពីថ្ងៃអាទិត្យ​ទី២៧​ ខែសីហា ឆ្នាំ​២០២៣​នេះ​ បាន​រាយការណ៍​​ថា មនុស្ស៤នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ​នៅ​ក្នុង​ការ​បាក់​រលំ​អណ្តូង​រ៉ែធ្យូង​ថ្មមួយកន្លែង​​ក្នុង​មជ្ឈមណ្ឌល​រុករក​រ៉ែ Quang Ninh ប្រទេសវៀតណាម។​

ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង តាំង​ពី​​ល្ងាច​ថ្ងៃ​សៅរ៍​មកម្ល៉េះ ​នា​​​អណ្តូងរ៉ែ​មួយ​ដែល​គ្រប់គ្រង និង​ដំណើរការ​ដោយ​ក្រុមហ៊ុន ធ្យូងថ្ម Vang Danh ដែល​ជា​អង្គភាព​នៃ​ក្រុមហ៊ុន​រុករក​ធ្យូង​ថ្ម​រដ្ឋ​វៀតណាម Vinacomin បើតាមកាសែត Thanh Nien ។​

មក​ទល់​ពេល​នេះ ក្រុម​សង្គ្រោះ​បាន​ទាញ​យក​សាកសព​កម្មករ​រ៉ែ បាន​ចំនួន​បួន​នាក់​មក​ហើយ​។ ទោះយ៉ាងណា កាសែត​ដដែល​នេះ​មិន​បាន​រាយការណ៍ ឬ​បញ្ជាក់​​ពី​មូលហេតុ​នៃ​ការ​បាក់​រលំ​អណ្តូង​រ៉ែ​ធ្យូង​ថ្ម​នេះ​ទេ។ ​

ដោយឡែក កាល​ពី​ខែ​មីនា ឆ្នាំ២០២៣​ ឧបទ្ទវហេតុ​ស្រដៀង​គ្នា​នេះ​បាន​កើត​ឡើង​នៅ​អណ្តូង​រ៉ែ​ ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​តំបន់ វ៉ាង ដាន ប៉ុន្តែ​ជា​សំណាង​ល្អ​គ្មាន​នរណា​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​នោះ​ទេ។​

គួរ​បញ្ជាក់​ថា ប្រទេស​ភូមិផង​ជាប់​របង​ជាមួយ​កម្ពុជា​មួយ​នេះ ​នៅតែ​ពឹងផ្អែក​ខ្លាំង​លើ​រោងចក្រ​អគ្គិសនី​ដើរដោយ​ប្រភព​ថាមពល​ធ្យូងថ្ម។

Vinacomin ដែល​ជា​ក្រុមហ៊ុន​រុករក​ធ្យូង​ថ្ម​រដ្ឋ​វៀតណាម បាន​ប្រកាស​កាលពី​ឆ្នាំមុន​ថា គ្រោះថ្នាក់​ជុំវិញ​ការបាក់​រលំ​អណ្តូង​រ៉ែបា​ន​សម្លាប់​កម្មករ ​យ៉ាង​ហោច​ណាស់ ១៧ នាក់​ក្នុង​រយៈពេល ៩ខែ​ដំបូង​នៃ​ឆ្នាំ ២០២២៕​