បុរាណស្ថានចំនួន៥៥ នៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អាជ្ញាធរកំណត់ដែនរក្សាការពារ
ការកំណត់ដែនរក្សាការពារនេះធ្វើឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៣ ដោយក្រុមការងារនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា អគ្គនាយកដ្ឋានបេតិកភណ្ឌ ដឹកនាំដោយលោក ណៃ សុភា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋានឃុំបារាយណ៍ និងប្រជាពលរដ្ឋមូលដ្ឋានជុំវិញបុរាណស្ថាន បានចុះទៅផ្ទៀងផ្ទាត់ និងកំណត់ដែនរក្សាការពារបុរាណស្ថានចំនួន ៥៥ បានដោយជោគជ័យ។
ក្រុមការងារនាយកដ្ឋានបុរាណវិទ្យា និង បុរេប្រវត្តិវិទ្យា នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ទៀងផ្ទាត់ និងកំណត់ដែនរក្សាការពារបុរាណស្ថានចំនួន ៥៥ នៅក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយជោគជ័យ ខណៈអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្ហាញក្តីសោមនស្សរីករាយចំពោះវិធានការនេះ។
យោងតាមការប្រកាសពីក្រសួង វប្បធម៌ និងវិចិត្យសិល្បៈ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៣ បានលើកឡើងថា នៅចំពោះមុខ ការកំណត់ដែនការពារនេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រឃុំបារាយណ៍បង្ហាញក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ក្រុមការងារក្រសួង សម្រាប់ការបំពេញការងារដ៏មានសារៈសំខាន់នេះ។
ក្រសួងបានបញ្ជាក់ថា៖ «ការកំណត់នេះ ជួយឱ្យពួកគាត់ [អាជ្ញាធរ និង ប្រជាពលរដ្ឋ] បានស្គាល់ទីតាំងស្ថានីយទាំងអស់ច្បាស់ជាងមុន មានការងាយស្រួលក្នុងការគ្រប់គ្រង ល្បាត និង ថែរក្សា ជាពិសេស ការចុះបញ្ជីដីធ្លីជាប្រព័ន្ធតែម្តង»។
ជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋានក៏បានសន្យាថា នឹងចូលរួមថែរក្សាការពារ ទប់ស្កាត់ការលួចជីក ឈូសឆាយស្ថានីយបុរាណក្នុងភូមិសាស្រ្តឃុំនេះឱ្យខានតែបាន ចាប់ពីពេលនេះតទៅ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់វប្បធម៌ អប់រំ និង ទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែសីហា ថា ការកំណត់ដែនរក្សាការពារបុរាណស្ថាននេះ គឺជារឿងចាំបាច់ និងមានសារៈសំខាន់សម្រាប់ទុកជាកេរដំណែល ជាទីតាំងប្រវត្តិសាស្រ្ត វប្បធម៌ សម្រាប់សិក្សាស្រាវជ្រាវ ស្វែងយល់ និង អាចជាទីតាំងទេសចរណ៍ផង។
លោក ឈត ប៊ុនថង បានថ្លែងថា មិនត្រឹមតែកំណត់នោះទេ អាជ្ញាធរ និងរដ្ឋាភិបាល ជាមួយបណ្តាភាគីពាក់ព័ន្ធគួររួមគ្នាថែរក្សាឱ្យបានដិតដល់ផងដែរ នៅក្រោយការកំណត់ព្រំដែនភូមិសាស្រ្តការពាររួច ដើម្បីឱ្យទីតាំងទាំងនោះនៅគង់វង្ស ចៀសវាងការកំណត់ទុកចោល ដែលអាចបង្កហានិភ័យណាមួយកើតឡើងទៅបំផ្លាញទីតាំងបុរាណទាំងនោះ។
លោក ឈត ប៊ុនថង បន្តថា ៖ «ទីតាំងបុរាណស្ថាន នៅពេលយើងកំណត់បានហើយ យើងគួរណាមានការបោះបង្គោលជាក់លាក់ ហើយទីតាំងហ្នឹងមិនអាចទុកចោលទេ យើងត្រូវតែមានអ្នកថែរក្សាការពារ បើពុំនោះទេអាចមានជនខិលខូច អ្នកមិនដឹងចូលទៅបំផ្លាញ ឬ សត្វចូលទៅបំផ្លាញជាដើម ឬ ជាពិសេស នោះកត្តាអាកាសធាតុ ក៏អាចគំរាមកំហែងដល់ទីតាំងនោះដែរ»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និង រដ្ឋាភិបាលពង្រឹងកិច្ចសហការដើម្បីថែរក្សាទីតាំងបុរាណស្ថានដែលបានកំណត់ទុកនានា ពិសេសការមានវិធានការការពារត្រឹមត្រូវ ដើម្បីទុកទីតាំងទាំងនោះជាកេរដំណែលទៅថ្ងៃមុខ៕