អ៊ីរ៉ាក់ និងស៊ីរី រងការវាយប្រហារសងសឹកពីអាមេរិក ទៅលើគោលដៅជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់
អាមេរិក៖ សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមអាកាសសងសឹកកាលពីថ្ងៃសុក្រ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ទៅលើគោលដៅជាង ៨៥កន្លែង ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) និងកងជីវពលដែលពួកគេគាំទ្រ បន្ទាប់ពីការវាយប្រហារដ៏ឃោឃៅ នៅក្នុងប្រទេសហ្សកដានី ដែលបានសម្លាប់ទាហានអាមេរិក៣នាក់ និងរងរបួសប្រមាណ៤០នាក់ផ្សេងទៀត បើតាមការលើកឡើងពីយោធាសហរដ្ឋអាមេរិក ។
ការវាយប្រហារនេះ ត្រូវបានគេជឿថាទើបតែជាលើកទីមួយប៉ុណ្ណោះ នៅក្នុងការឆ្លើយតបពហុកម្រិត ដោយរដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារកាលពីចុងសប្តាហ៍មុន ដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់។ ខណៈការវាយប្រហាររបស់សហរដ្ឋអាមេរិក មិនបានកំណត់លើទីតាំងណាមួយនៅអ៊ីរ៉ង់ ពួកគេទំនងជាបង្កើនការព្រួយបារម្ភអំពីភាពតានតឹងដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ាពីសង្គ្រាមរយៈពេលជាងបីខែរបស់អ៊ីស្រាអែល ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។
លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការឆ្លើយតបរបស់យើង បានចាប់ផ្តើមនៅថ្ងៃនេះ។ វានឹងបន្តនៅពេលវេលា និងទីកន្លែង ដែលយើងបានជ្រើសរើស។ សហរដ្ឋអាមេរិក មិនស្វែងរកជម្លោះនៅមជ្ឈិមបូព៌ា ឬកន្លែងណាផ្សេងទៀតនោះទេក្នុងពិភពលោក។ ប៉ុន្តែ សូមឱ្យ អ្នកដែលចង់ធ្វើឲ្យយើងរងទុក្ខលំបាក ដឹងរឿងនេះ ហើយប្រសិនបើអ្នកធ្វើបាបជនជាតិអាមេរិក យើងនឹងឆ្លើយតប។
ការវាយប្រហារបានធ្លាក់លើគោលដៅរួមមាន មជ្ឈមណ្ឌលទីបញ្ជាការ និងមជ្ឈមណ្ឌលគ្រប់គ្រង ទីតាំងគ្រាប់រ៉ុក្កែត មីស៊ីល និងទីតាំងផ្ទុកយានដ្រូន ព្រមទាំងទីតាំងផ្គត់ផ្គង់គ្រាប់រំសេវ។ យោធានិយាយថា ការវាយប្រហារបានធ្លាក់លើគោលដៅ ៨៥កន្លែង លាតសន្ធឹងលើទីតាំងចំនួន ៧ទីតាំង ដែលចំនួន ៤ទីតាំងក្នុងប្រទេសស៊ីរី និង ៣ទីតាំងនៅអ៊ីរ៉ាក់ ហើយរួមបញ្ចូលទាំងការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B-1 រយៈចម្ងាយឆ្ងាយ ដែលបានហោះចេញពីសហរដ្ឋអាមេរិក បើតាមសេចក្តីថ្លែងការណ៍ ពីយោធាអាមេរិក ៕