ប្រមុខដឹកនាំការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានអំពាវនាវឲ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ

អារ៉ាប៊ីសាអ៊ូឌីត៖ លោក ហ្វៃសាល ប៊ីន ហ្វាហាន អាល់ ស៊ូដ (Faisal bin Farhan Al Saud) រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានជំរុញឲ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ កាលពីថ្ងៃអាទិត្យកន្លងមកនេះ។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអេហ្ស៊ីប លោកបានធ្វើការអធិប្បាយ ជាមួយ លោក អាមេ ស៊ូគ្រី (Sameh Shoukry) នៅទីក្រុងគែរ ដែលក្នុងនោះលោកទាំងពីរ បានអំពាវនាវឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប និងជំនួយ ដើម្បីទៅដល់អ្នកដែលខ្វះខាត នេះបើយោងតាមបណ្តាញព័ត៌មានរដ្ឋអារ៉ាប៊ីសាអ៊ូឌីត Al Arabiya News។

មន្ត្រីអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា អារ៉ាប៊ីសាអ៊ូឌីត រួមជាមួយនឹងរដ្ឋអារ៉ាប់ផ្សេងទៀត នឹងបន្តដាក់សម្ពាធ ដើម្បីការពារប្រជាជនប៉ាឡេស្ទីន។ និយាយអំពីការបដិសេធរបស់អ៊ីស្រាអែល ចំពោះសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា លោកបានសង្កត់ធ្ងន់ថា ច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ គួរតែអនុវត្តដូចគ្នា ចំពោះអ៊ីស្រាអែលដូចទៅនឹងប្រទេសដទៃទៀតដែរ។

កាលពីថ្ងៃសុក្រ តុលការ ICJ បានបញ្ជាឲ្យអ៊ីស្រាអែលចាត់វិធានការគ្រប់បែបយ៉ាង នៅក្នុងអំណាចរបស់ខ្លួន ដើម្បីការពារអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប នេះបើតាមតុលាការ សេចក្តីសម្រេចនេះ គឺមានកាតព្វកិច្ចតាមផ្លូវច្បាប់។

ទោះជាយ៉ាងនេះក្តី តុលាការនេះ មិនបានបញ្ជាឲ្យអ៊ីស្រាអែលផ្អាកប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដែលជាសំណើដ៏សំខាន់មួយដែលបានស្នើឡើងដោយអាហ្វ្រិកខាងត្បូង ស្របពេលដែល បានអំពាវនាវឲ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ផងដែរនោះ៕