ក្នុងប្រទេសយេម៉ែន ផ្ទុះការតវ៉ាទ្រង់ទ្រាយធំ បង្ហាញការគាំទ្រដល់ប៉ាឡេស្ទីន
សាណា៖ ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន ប្រជាជនយេម៉ែនរាប់ម៉ឺននាក់ ដែលគាំទ្រក្រុម Houthi បានតវ៉ាកាលពីថ្ងៃសុក្រ ដោយបដិសេធការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក-អង់គ្លេស លើមន្ត្រីជាន់ខ្ពស់ Houthi និងបានបរិហារការវាយប្រហារតាមអាកាសទៅលើភាគខាងជើងប្រទេសយេម៉ែន។
អ្នកចូលរួមបានគ្រវីទង់ជាតិប៉ាឡេស្ទីន-យេម៉ែន កាន់បដាដែលមានរូបភាពមេដឹកនាំ Houthi និងស្រែកពាក្យស្លោកប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Hatem al-Mahaqri ជាបាតុករម្នាក់បានឲ្យដឹងថា ពួកគេបានមកឈរក្បែរប្រជាជន ដែលត្រូវគេជិះជាន់នៅហ្គាហ្សា និងចែករំលែកការឈឺចាប់របស់ពួកគេ។ “ការចូលរួមរបស់យើងបង្ហាញពីជំហរដ៏ខ្ជាប់ខ្ជួនរបស់យើង លើបញ្ហាប៉ាឡេស្ទីន និងបងប្អូនរបស់យើងនៅតំបន់ហ្គាហ្សា”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីព្រឹកថ្ងៃសុក្រ លោក Yahya Sarea អ្នកនាំពាក្យយោធា Houthi បានឲ្យដឹង ថា កងនាវាចររបស់ពួកគេបានបាញ់មីស៊ីលជាច្រើនគ្រាប់ ទៅកាន់នាវាដឹកប្រេងរបស់អង់គ្លេស Marlin Luanda នៅឈូងសមុទ្រ Aden បណ្តាលឱ្យមានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ។
សហរដ្ឋអាមេរិកបានកំណត់ក្រុម Houthi ជាថ្មីថាជា “ភេរវករសកល ដែលបានកំណត់ជាពិសេស” កាលពីថ្ងៃទី១៧ ខែមករា ជាទង្វើដែលក្រុមនេះត្រូវបានច្រានចោលថា មានហេតុផលនយោបាយ៕