អាមេរិកគ្រោងពង្រាយ អាវុធនុយក្លេអ៊ែរនៅអង់គ្លេសឡើងវិញ
អង់គ្លេស៖ The Telegraph សារព័ត៌មានរបស់អង់គ្លេស បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ឯកសាររបស់មន្ទីរបញ្ចកោណថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ទៅកាន់ចក្រភពអង់គ្លេសជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ មកនេះ។
របាយការណ៍អំពីគម្រោងដាក់ពង្រាយនេះ កើតឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើង រវាងអង្គការណាតូ និងរុស្ស៊ី ជុំវិញជម្លោះអ៊ុយក្រែន និងការអំពាវនាវពីអ្នកនយោបាយលោកខាងលិចមួយចំនួន ឱ្យរៀបចំសម្រាប់ការប៉ះទង្គិចប្រដាប់អាវុធដ៏មានសក្តានុពលជាមួយទីក្រុងម៉ូស្គូ នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ។
កាសែតអង់គ្លេស Telegraph បានដកស្រង់កិច្ចសន្យាលទ្ធកម្មសម្រាប់កន្លែងថ្មី នៅស្ថានីយ៍ទ័ពអាកាស Royal Air Force នៅ Lakenheath ក្នុង Suffolk ដែលចង្អុលបង្ហាញពីចេតនារបស់វ៉ាស៊ីនតោន ក្នុងការនាំយកអាវុធនុយក្លេអ៊ែរទៅកាន់មូលដ្ឋាននេះ។ សារព័ត៌មាន Telegraph បានសរសេរថា កងទ័ព Royal Air Force Lakenheath ត្រូវបានគេរំពឹងថា នឹងមានគ្រាប់បែក B61-12 ដែលមានកម្លាំងខ្លាំងជាងគ្រាប់បែក ដែលបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងឆ្នាំ ១៩៤៥ ដល់ទៅបីដង។
ជាងនេះទៅទៀត អាមេរិកបានបញ្ជូនយន្តហោះចម្បាំង ដែលមានសមត្ថភាពនុយក្លេអ៊ែរ F-35 ទៅកាន់មូលដ្ឋាននេះផងដែរកាលពីឆ្នាំមុន។
លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីឆ្នាំមុនថា ទីក្រុងមូស្គូនឹងត្រូវបង្ខំឱ្យអនុវត្ត “វិធានការតបតវិញ” ប្រសិនបើក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិក ត្រូវត្រលប់ទៅចក្រភពអង់គ្លេស។ រុស្ស៊ីបានចោទលោកខាងលិចថា បានបង្កភាពតានតឹងនៅអឺរ៉ុប ហើយបានអះអាងថា ការពង្រីកទៅភាគខាងកើតរបស់អង្គការណាតូ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃជម្លោះអ៊ុយក្រែន៕