ដើម្បីជំរុញកំណើនទេសចរណ៍ ចិននឹងថៃ ចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមក

ថៃ៖ ថៃនឹងចិន បានព្រមព្រៀងគ្នា កាលពីថ្ងៃអាទិត្យ ទី២៨ ខែមករា ក្នុងការលើកលែងលក្ខខណ្ឌតម្រូវទិដ្ឋាការសម្រាប់ជនជាតិរបស់គ្នាទៅវិញទៅមក ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍រវាងប្រទេសទាំងពីរ ដែលវិស័យនេះ បានរងគ្រោះដោយសារបញ្ហាជំងឺកូវីដ-១៩។

លោក ផនព្រី បាហីត្ថា នុការ៉ា (Parnpree Bahiddha-nukara) រដ្ឋមន្ត្រីការបរទេសថៃ និងសមភាគីចិន លោក វ៉ាង យី (Wang Yi) បានចុះហត្ថលេខាលើ ការលើកលែងទិដ្ឋាការទៅវិញទៅមក ដែលចូលជាធរមាននៅថ្ងៃទី០១ ខែមីនា ខាងមុខនេះ នៅក្នុងពិធីមួយបន្ទាប់ពីកិច្ចប្រជុំនាទីក្រុងបាងកក។

លោក វ៉ាង បានប្រាប់សន្និសីទសារព័ត៌មានរួមមួយថា «យុគសម័យគ្មានទិដ្ឋាការនេះ នឹងនាំមកនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ទៅកាន់កំណើនទេសចរណ៍ថ្មីមួយ»។

ប្រទេសចិន គឺជាប្រភពចម្បងសម្រាប់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ ដែលជាកត្តាជំរុញដ៏សំខាន់នៃប្រទេសសេដ្ឋកិច្ចធំទីពីរ របស់អាស៊ីអាគ្នេយ៍មុនពេលជំងឺកូវីដ-១៩ ប៉ុន្តែការវិលត្រឡប់របស់ភ្ញៀវទេសចរចិន ទៅកាន់ប្រទេសថៃវិញមានភាពយឺតយ៉ាវ។

ចំនួនអ្នកទេសចរចិនទៅកាន់ប្រទេសថៃបានធ្លាក់ចុះដល់ត្រឹម ៣,៥លាននាក់ កាលពីឆ្នាំមុនពីចំនួន ១១លាននាក់ ក្នុងឆ្នាំ២០១៩ មុនពេលជំងឺរាតត្បាតកូវីដ៕