UNនឹងដាក់ទោសបុគ្គលិកមានពាក់ព័ន្ធនឹងការចោទប្រកាន់ក្នុងការវាយប្រហារលើអ៊ីស្រាអែល
UN៖ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ ទី២៨ ខែមករា បានប្តេជ្ញាថានឹងដាក់ទោសចំពោះ «បុគ្គលិករបស់អង្គការសហប្រជាជាតិ ណាមួយដែលពាក់ព័ន្ធនឹងអំពើភេរវកម្ម» បន្ទាប់ពីការចោទប្រកាន់ថា បុគ្គលិកទីភ្នាក់ងារជនភៀសខ្លួនមួយចំនួន បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ពួកហាម៉ាស នៅថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល។
ប្រមុខអង្គការសហប្រជាជាតិរូបនេះ ក៏បានអង្វរករដល់បណ្ដារដ្ឋាភិបាលឱ្យបន្តគាំទ្រ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន (UNRWA) បន្ទាប់ពីប្រទេសចំនួនប្រាំបួនបានផ្អាកការផ្តល់មូលនិធិ។
លោក ហ្គុយតឺរេស ស្របពេលជាមួយគ្នានេះ បាននិយាយថា «បុរស និងស្ត្រីរាប់ម៉ឺននាក់ផ្សេងទៀត ដែលធ្វើការឱ្យទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA ដែលភាគច្រើនកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បំផុតសម្រាប់បុគ្គលិកមនុស្សធម៌ មិនគួរត្រូវបានដាក់ទោសនោះទេ»។
នៅក្នុងការអត្ថាធិប្បាយដោយផ្ទាល់ ជាលើកដំបូងរបស់ខ្លួនលើបញ្ហានេះ ប្រធានអង្គការសហប្រជាជាតិរូបនេះ បានផ្តល់ព័ត៌មានលម្អិតអំពីបុគ្គលិករបស់ទីភ្នាក់ងារ UNRWA ដែលជាប់ពាក់ព័ន្ធនៅក្នុង «ទង្វើដែលគួរឱ្យស្អប់ខ្ពើម» ចំពោះអ៊ីស្រាអែលនេះ។
លោកបានបន្តថា ក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធទាំង ១២នាក់នោះ មានមនុស្ស ៩នាក់ ត្រូវបានគេបញ្ចប់ការងារ និងមនុស្សម្នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ ហើយអត្តសញ្ញាណរបស់មនុស្ស ២នាក់ ទៀតកំពុងត្រូវបានបញ្ជាក់ឱ្យច្បាស់៕