ការបរិភោគឈើចាក់ធ្មេញបំពង កូរ៉េខាងត្បូងព្រមានប្រឆាំងនឹងការនិយមនេះលើបណ្ដាញសង្គម
កូរ៉េខាងត្បូង៖ ក្រសួងចំណីអាហាររបស់ប្រទេសកូរ៉េខាងត្បូងបានព្រមានពីសុខភាព ដោយដាស់តឿនប្រជាជនកុំឲ្យបរិភោគឈើចាក់ធ្មេញបំពងដែលធ្វើពីម្សៅ ក្នុងលក្ខណៈស្រដៀងនឹងដំឡូងបំពង បន្ទាប់ពីការធ្វើបែបនេះបានរាលដាលពេញបណ្តាញសង្គមយ៉ាងឆាប់រហ័ស។
ឃ្លីបវីដេអូដែលបង្ហាញឲ្យឃើញពីអ្នកទទួលទានឈើចាក់ធ្មេញម្សៅបំពងខ្លាញ់ជាមួយគ្រឿងទេស ដូចជាម្សៅឈីសជាដើម ទទួលបានការចុចចូលចិត្ត (Like) និងចែកចាយ (Share) រាប់ពាន់នាក់ នៅលើបណ្ដាញ TikTok និង Instagram។
នៅលើបណ្ដាញសង្គម X (ពីមុនជា Twitter) តាមរយៈការបង្ហោះ កាលពីថ្ងៃពុធ ទី២៤ ខែមករាកន្លងមកនេះ ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថ បានឲ្យដឹងថា៖ «សុវត្ថិភាព ក្នុងការអាចយកមកធ្វើជាចំណីអាហារនោះ មិនត្រូវបានបញ្ជាក់អះអាងទេ។ សូមកុំបរិភោគ (អាហារនេះ) អី»។
ក្រសួងបានបន្ថែមថា វីដេអូនៃឈើចាក់ធ្មេញ ដែលជាផលិតផលអនាម័យ ដែលត្រូវបានចៀនបំពងក្នុងប្រេង និងបរិភោគនោះ កំពុងរាលដាលយ៉ាងឆាប់រហ័សក្នុងបណ្ដាញសង្គម។ ការលាបពណ៌អាហារត្រូវបានប្រើប្រាស់ ដើម្បីឲ្យលាំៗពណ៌បៃតងចំពោះឈើចាក់ធ្មេញ ដែលធ្វើពីដំឡូង ឬម្សៅពោត ដែលត្រូវបានគេចាត់ទុកថា មិនប៉ះពាល់ដល់បរិស្ថាន និងអាចបំប្លែងសារធាតុជីវគីមីបាន។
កម្មវិធីញ៉ាំអាហារតាមអ៊ីនធឺណិត ឈ្មោះថា «Mukbang» ដែលជារឿយៗបានបង្ហាញពីមនុស្សបរិភោគអាហារច្រើនហួសប្រមាណ ឬមុខម្ហូបប្លែកៗ កំពុងតែពេញនិយមនៅក្នុងប្រទេសកូរ៉េខាងត្បូង។ អ្នកប្រើប្រាស់បណ្ដាញសង្គម TikTok ម្នាក់ បាននិយាយនៅក្នុងវីដេអូនេះថា «វាស្រួយល្អណាស់» ខណៈកំពុងទំពារឈើចាក់ធ្មេញបំពងនោះគ្រួបៗ៕