បង្ក្រាបបានថ្នាំញៀនជាង១តោនកន្លះ នគរបាលបង្ហាញមុខជនសង្ស័យ៥នាក់

ភ្នំពេញ៖ បន្ទាប់ពីបង្ក្រាបករណីថ្នាំញៀនជាង១តោនកន្លះ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បង្ហាញមុខជនសង្ស័យចំនួន ៥នាក់ ។ ការបង្ហាញមុខជនសង្ស័យចំនួន ៥នាក់ បន្ទាប់ពីសហការជាមួយជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវស៊ើបអង្កេត និងឈានដល់ចាប់ខ្លួនបាន នៅលំហរសមុទ្រ នាខេត្តព្រះសីហនុ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ពីនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ បានប្រើរយៈពេលប្រមាណជាង ១ឆ្នាំ ទើបបង្ក្រាបបានជនសង្ស័យជាជនបរទេស ៥នាក់ នៅលើផ្ទៃសមុទ្រ នាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នេះបានឱ្យដឹងពីនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ ជនសង្ស័យទាំង ០៥នាក់មានឈ្មោះ៖
១.ឈ្មោះ LI TSUNG HSIEN ភេទប្រុស ជនជាតិចិនតៃវ៉ាន់
២.ឈ្មោះ HUNG HSIEN FU ភេទប្រុស ជនជាតិចិនតៃវ៉ាន់
៣.ឈ្មោះ LIM WEI MINH ភេទប្រុស ជនជាតិសិង្ហបុរី
៤.ឈ្មោះ SHI YUANYA ភេទប្រុស ជនជាតិចិន និង
៥.ឈ្មោះ HUANG XIAOYU ភេទប្រុស ជនជាតិចិន។

នគរបាលបានប្រាប់បន្ថែមថា ប្រតិបត្តិការបង្ក្រាបនេះដកហូតវត្ថុតាងគ្រឿងញៀនប្រភេទ កេតាមីន ១០០០ដុំ ស្មើទម្ងន់ជាង ៩៨០ គីឡូក្រាម និងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ៥៣៤ដុំ ស្មើទម្ងន់ជាង ៥៣២ គីឡូក្រាម។ សរុបគ្រឿងញៀនចំនួន ១៥៣០ដុំ ស្មើទម្ងន់ជាង ១ តោន ៥១៣ គីឡូក្រាម ទូកនេសាទ ចំនួន ២គ្រឿង រថយន្ត ០១គ្រឿង ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០៨គ្រឿង ។

នគរបាលក៏បានបញ្ជាក់ថា ប្រតិបត្តិការនេះមិនទាន់បិទបញ្ចប់ទាំងស្រុងទេ គឺកំពុងបន្តការស្រាវជ្រាវតាមចាប់បក្ខពួកដែលនៅសេសសល់ និងមេក្លោងបន្តទៀត ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ជាមួយគ្នានេះនគរបាលអំពាវឱ្យប្រជាពលរដ្ឋជួយរាយការណ៍ អំពីករណីគ្រឿងញៀន តាមរយៈលេខ ៦៧០ ដែលអាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ ចំពោះអ្នករាយការណ៍ ត្រូវបាននគរបាលធានារក្សាការសម្ងាត់ជូន៕