សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបង្កើតការទូតយោធាមានសារសំខាន់បំផុត ក្នុងកិច្ចការពារនូវសន្តិភាពជាមួយបណ្តាប្រទេសដទៃ
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតការទូតយោធា គឺពិតជាមានសារសំខាន់បំផុតក្នុងកិច្ចការពារនូវសុខសន្តិភាព ជាមួយបណ្តាប្រទេសជិតខាង និងទាំងប្រទេសនៅក្នុងតំបន់ និងពិភពលោក ខណៈកម្ពុជាមានអនុព័ន្ធ និងសេនានុព័ន្ធយោធា កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ។
ក្នុងឱកាសពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤) នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីភាព និងប្រកាសលើកទឹកចិត្តឲ្យក្រសួងការជាតិ អគ្គបញ្ជាការដ្ឋានកងទ័ព ក៏ដូចជាកងទ័ពជើងគោកបន្តធ្វើការទូតឲ្យកាន់តែច្រើនជាមួយប្រទេសដទៃ តាមរយៈរូបភាពផ្សេងៗ ដូចជាការធ្វើសមយុទ្ធរួមគ្នា និងសកម្មភាពមនុស្សធម៌ជាដើម ដើម្បីរក្សាបាននូវមិត្តភាពកាន់ តែច្រើនបន្ថែមទៀតនោះ។
នាឱកាសនោះដែរសម្តេចធិបតី ក៏បានប្រកាសជាថ្មីម្តងទៀតផងដែរថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីរបស់ខ្លួននោះឡើយ មិនថា កាលៈទេសៈណានោះទេ ដូចអ្វីដែលសម្តេច បានប្រាប់ទៅកាន់បណ្តាដឹកនាំលើពិភពលោក នៅ ក្នុងមហាសន្និបាតរបស់អង្គការ សហប្រជាជាតិលើកទី៨៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកយ៉ាងដូច្នេះដែរ។
ទន្ទឹមគ្នានោះសម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា ការធ្វើទំនើបកម្មរបស់កងទ័ព គឺមិនមែនជាការគំរាមកំហែងដល់អ្នកណា ឬប្រទេសណានោះទេ ពោលគឺធ្វើឡើង ដើម្បីការពារនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ៕