ការបដិសេធដំណោះស្រាយរដ្ឋ២ នោះអ៊ីស្រាអែលមិនគោរពសហគមន៍អន្តរជាតិទាំងមូល
ហ្ស៊កដានី៖ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី កាលពីថ្ងៃចន្ទ ទី២២ ខែមករាកន្លងមកនេះ បាននិយាយថា អ៊ីស្រាអែលកំពុងមិនគោរពសហគមន៍អន្តរជាតិ ជាមួយនឹងការបដិសេធដំណោះស្រាយរដ្ឋ២ ដោយពណ៌នាថា ដំណោះស្រាយនេះជាផ្លូវដ៏ច្បាស់លាស់ឆ្ពោះទៅកាន់សន្តិភាព នៅមជ្ឈិមបូព៌ា។
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ទី២១ ខែមករា បានអះអាងជាថ្មីនូវជំហររឹងត្អឹងប្រឆាំងនឹងការមាននូវរដ្ឋប៉ាឡេស្ទីនណាមួយ ព្រោះវានឹងបង្ក «គ្រោះថ្នាក់ដែលអាចកើតមាន» ដល់អ៊ីស្រាអែល។
លោក Ayman Safadi រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី បាននិយាយទៅកាន់អ្នកសារព័ត៌មាន មុនពេលកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ដែលមានការចូលរួមពីសមភាគីអារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប និងអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់។ កិច្ចពិភាក្សានេះនឹងផ្តោតជាសំខាន់លើផលវិបាកនៃការវាយប្រហារថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែល និងការវាយលុកសងសឹករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
សូមបញ្ជាក់ដែរថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានបង្ហាញខ្លួនដាច់ដោយឡែកមួយមុនពេលកិច្ចប្រជុំដោយនិយាយថា លោកកំពុងនៅទីក្រុងប៊្រុចសែល ដើម្បីពិភាក្សាអំពីបញ្ហាចំណាប់ថ្នូរដែលត្រូវខុំខ្លួនដោយក្រុមហាម៉ាស និងដើម្បីបញ្ជាក់ជាថ្មីថា អ៊ីស្រាអែលនឹងកម្ចាត់ក្រុមហាម៉ាស និងស្ដារសន្តិសុខជាតិរបស់ប្រទេសឡើងវិញ។ លោកមិនបានឆ្លើយតបនឹងការសួរសំណួរនោះទេ៕