ប្រមុខដឹកនាំកំពូលអាមេរិក ព្រមានប្រឆាំងការដើរចេញពីអ៊ុយក្រែន ស្របពេលរុស្ស៊ីបន្តរុលទៅមុខ និងកិច្ចពិភាក្សាជាប់គាំង

អាមេរិក៖ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមានពីផលវិបាកនៃការបោះបង់ចោលអ៊ុយក្រែន នៅក្នុងសង្រ្គាមរបស់ពួកគេប្រឆាំងជាមួយរុស្ស៊ី ដោយលោកបាននិយាយប្រាប់ការប្រជុំរបស់អភិបាលក្រុង ថា សហរដ្ឋអាមេរិក ត្រូវតែបន្តការគាំទ្ររបស់ពួកគេ “ដូច្នេះពួកគេនឹងមិនដួលនោះទេ” ។

ការផ្តល់មូលនិធិបន្ទាន់សម្រាប់អ៊ុយក្រែន ត្រូវបានរារាំងដោយក្រុមសាធារណរដ្ឋនៅក្នុងសភា ដែលពួកគេជំរុញឲ្យផ្សាភ្ជាប់គោលនយោបាយសន្តិសុខថ្មីនៅតាមព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ។

លោក Biden ផ្តល់សញ្ញាថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក អាចនឹងត្រូវដោះស្រាយបាននៅសប្តាហ៍ក្រោយ យ៉ាងហោចនៅព្រឹទ្ធសភាដែលគ្រប់គ្រងដោយក្រុមប្រជាធិបតេយ្យដែរ ។

កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅ វិមានក្រឹមឡាំង និយាយថា កិច្ចព្រមព្រៀងនៅទីក្រុង Davos លើសំណើរសន្តិភាពក្រុងគីវ ពុំទទួលបានលទ្ធផលអ្វីនោះឡើយ ស្របពេលដែលរុស្ស៊ីពុំបានចូលរួមកិច្ចពិភាក្សា ហើយទីក្រុងម៉ូស្គូ នឹងនៅតែបន្តប្រតិបត្តិការសឹករបស់ខ្លួននៅអ៊ុយក្រែន រហូតដល់ពួកគេសម្រេចបានគោលដៅទាំងអស់ ៕