លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណានឹងធ្វើជាអ្នកអានអត្ថបទដោយផ្ទាល់ក្នុងកម្មវិធីប្រកួតសំណេរអង្គរ

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា នឹងធ្វើជាអ្នកអានអត្ថបទដោយផ្ទាល់ក្នុងកម្មវិធី ប្រកួតសរសេរតាមអាន ឬសំណេរអង្គរ ដែលនឹងត្រូវរៀបចំឡើង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅទីតាំង ស្ពានហាល ខាងមុខប្រាសាទអង្គរវត្ត។

ដោយកាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា និងក្រុមការងាររៀបចំកម្មវិធីសំណេរអង្គរ បានចុះពិនិត្យទីតាំង និង រៀបចំកៅអីត្រៀមសម្រាប់បេក្ខជន និងបេក្ខសមណៈសិស្ស ចំនួន ៨១៥អង្គ នាក់ ដែលនឹងត្រូវចូលរួមប្រកួតនៅព្រឹកនេះ។

សូមបញ្ជា់ថា កម្មវិធី «សំណេរអង្គរ» គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋ មហាជនទូទៅកែប្រែទម្លាប់ ក្នុងការសរសេរ និង អានពាក្យខ្មែរឱ្យត្រឹមត្រូវឡើងវិញ ខណៈមហាជនទូទៅ ក្រសួង ស្ថាប័ន ផ្នែកឯកជនមានការគាំទ្រយ៉ាងក្លៀវក្លាចំពោះកម្មវិធីដ៏មានសារសំខាន់នេះ។

យើងអាចហៅកម្មវិធីសំណេរអង្គរនេះថា ជាការប្រកួតសរសេរតាមអានអក្សរខ្មែរក៏បាន ព្រោះជាការចូលរួមប្រកួតសរសេរអត្ថបទជាភាសាខ្មែរ ដែលបើកឱ្យមានការចូលរួមប្រកួតពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ មិនប្រកាន់អាយុ ភេទ ជាតិ សាសន៍ តួនាទី ដើម្បីជ្រើសរើសជ័យលាភី ដែលសរសេរពាក្យខ្មែរបានត្រឹមត្រូវជាងគេ។

កន្លងមក លោក លីម ប៊ុនហុក ដែលជាអ្នកផ្តួចផ្តើមកម្មវិធីនេះ ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កម្មវិធីសំណេរអង្គរលើកទី១ ឬការប្រកួតសរសេរតាមអានអក្សរសាស្ត្រខ្មែរនេះ នឹងជួយលើកស្ទួយភាសាខ្មែរដែលជាអត្តសញ្ញាណជាតិមួយរបស់កម្ពុជា ព្រមទាំងលើកស្ទួយលើកវិស័យទេសចរណ៍ក្នុងស្រុក ដោយហេតុថាការរៀបចំកម្មវិធីសំណេរអង្គរនេះ គឺធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត (ខាងលិច) ខណៈតំបន់អង្គរជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា។ លោកលីម ប៊ុនហុក ចង់ឃើញអក្សរសាស្ត្រខ្មែរមានភាពល្អប្រសើរ ពីជំនាន់មួយទៅជំនាន់មួយ ពិសេសលើបញ្ហាអក្ខរាវិរុទ្ធ៕