លើកដំបូង ! អ៊ីស្រាអែល ចូលរួមក្នុងការពិភាក្សារូបមន្ត សន្តិភាពនៅអ៊ុយក្រែន
អ៊ីស្រាអែល៖ លោក មីឆែល ប្រូដស្គី (Michael Brodsky) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអ៊ុយក្រែន បាននិយាយកាលពីថ្ងៃទី១៦ ខែមករាថា ក្រុមតំណាងអ៊ីស្រាអែល បានចូលរួមក្នុងការពិភាក្សាអំពីរូបមន្តសន្តិភាពរបស់អ៊ុយក្រែន ជាលើកដំបូង។
រូបមន្តសន្តិភាពរបស់អ៊ុយក្រែន រួមមានការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់ប្រទេស ការដកកងទ័ពរុស្ស៊ីទាំងស្រុងចេញពីអ៊ុយក្រែន និងធ្វើឲ្យអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្រ្គាម។ ផែនការសន្តិភាព ១០ចំណុច បានទទួលការគាំទ្រយ៉ាងទូលំទូលាយ ក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន។
លោក ប្រូដស្គី បាននិយាយថា អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល បានចូលរួមក្នុងកិច្ចពិភាក្សាដែលបានកើតឡើង នៅមុនវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវូស ( Davos) ប្រទេសស្វ៊ីស។
អ៊ីស្រាអែលភាគច្រើន បានគេចវេសមិនចូលភាគីក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ហើយមិនបានផ្តល់ជំនួយយោធាដ៏មានអត្ថន័យណាមួយដល់អ៊ុយក្រែនទេ។ ប្រទេសនេះ មានទំនាក់ទំនងយូរអង្វែងជាមួយរុស្ស៊ី ដោយមានភាពស្មុគ្រស្មាញយ៉ាងខ្លាំងជាមួយនឹងជនភៀសខ្លួនរុស្ស៊ី នៅក្នុងអ៊ីស្រាអែល។ ចំណែកជនភៀសខ្លួនអ៊ុយក្រែនដ៏ច្រើន ក៏មាននៅក្នុងប្រទេសអ៊ីស្រាអែល ហើយប្រទេសទាំងពីរ មានរបបធ្វើដំណើរទៅវិញទៅមក ដោយមិនចាំបាច់មានទិដ្ឋាការ និងចំណងការទូតផ្សេងទៀត។
ទំនាក់ទំនងរបស់អ៊ីស្រាអែលជាមួយរុស្ស៊ី បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមជាមួយក្រុមហាម៉ាស ក្នុងខែតុលា ឆ្នាំ២០២៣។ នៅក្នុងការរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់អ៊ីស្រាអែល រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថា យុទ្ធនាការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា គឺផ្ទុយទៅនឹងច្បាប់មនុស្សធម៌អន្តរជាតិ។