ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង សម្រេចលុបចោលទីភ្នាក់ងារ ដោះស្រាយកិច្ចការអន្តរកូរ៉េ

សេអ៊ូល៖ កូរ៉េខាងជើង បានសម្រេចចិត្តកាលពីថ្ងៃចន្ទ ដើម្បីលុបចោលទីភ្នាក់ងាររបស់ខ្លួន ដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ បើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍កាលពីថ្ងៃម្សិលមិញ ។

ក្នុងសម័យប្រជុំរបស់សភាប្រជាជនកំពូលនៃកូរ៉េខាងជើង កាលពីថ្ងៃចន្ទ បានសេចក្តីសម្រេចស្តីពីការលុបចោលគណៈកម្មាធិការ សម្រាប់ការបង្រួបបង្រួមប្រទេសដោយសន្តិវិធី ការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចជាតិ និងរដ្ឋបាលទេសចរណ៍អន្តរជាតិ Kumgangsan ដែលជាទីភ្នាក់ងារនានា ដែលត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់កិច្ចសន្ទនាអន្តរកូរ៉េ។

សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដោយហេតុផលថា “ការបង្រួបបង្រួមកូរ៉េ មិនអាចសម្រេចបានជាមួយសាធារណរដ្ឋកូរ៉េ ដែលបានកំណត់វាជាគោលនយោបាយរដ្ឋរបស់ខ្លួន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមដោយការស្រូបទាញ” និង “ការបង្រួបបង្រួមក្រោមលទ្ធិប្រជាធិបតេយ្យសេរី”។

របាយការណ៍បានឲ្យដឹងថា “វាផ្ទុយស្រឡះពីខ្សែបង្រួបបង្រួមជាតិរបស់យើងដោយផ្អែកលើប្រជាជាតិមួយ រដ្ឋមួយ និងប្រព័ន្ធពីរដែលយើងបានប្រកាន់ខ្ជាប់អស់រយៈពេលជិត ៨០ឆ្នាំមកហើយ”៕