នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រវត្តិនៃការសិក្សារ

ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ឯកឧត្តមកើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅភូមិកោះថ្ម ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ) ក្នុងអំឡុងពេលដែលសម័យខ្មែរក្រហមគ្រប់គ្រង។ ឯកឧត្តមបានរៀបការជាមួយលោកជំទាវ ពេជ ចន្ទមុន្នី និងមានកូនស្រី២នាក់ និងកូនប្រុសម្នាក់។

– នៅឆ្នាំ១៩៨០-១៩៩០៖ សិក្សានៅបឋមសិក្សា និងមធ្យមសិក្សាកុមារី (បច្ចុប្បន្នសាលាបឋមសិក្សា និងមធ្យមសិក្សាចតុមុខ

– នៅឆ្នាំ១៩៩០-១៩៩៣ ៖ សិក្សានៅវិទ្យាល័យភ្នំដូនពេញ (បច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិ) ជាអតីតសិស្សពូកែគណិតវិទ្យា ដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យា

– នៅឆ្នាំ១៩៩៥-១៩៩៩៖ សិក្សានៅសាលាបណ្ឌិតយោធានៅទីក្រុង West Point នៅអាមេរិកដោយទទួលបានសញ្ញាបត្រនៅថ្ងៃទី ២៩ ឧសភា-១៩៩៩។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេ ដែលបានចូលរៀននៅសាលា West Point។

– នៅឆ្នាំ១៩៩៥៖ ពេលឯកឧត្តមបណ្ឌិតចេញទៅរៀននៅសហរដ្ឋអាមេរិក ឯកឧត្តមបានចូលបម្រើការងារកងទ័ពរួចទៅហើយ នៅក្នុងកងយោធពលខេមរភូមិន្ទ។

– នៅឆ្នាំ២០០២៖ ឯកឧត្តមបណ្ឌិតទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក

– នៅឆ្នាំ២០០៨៖ ឯកឧត្តមបណ្ឌិត ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

ប្រវត្តិសង្ខេបការងារឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានចំណេះដឹងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ West Point សហរដ្ឋអាមេរិកត្រូវជាកូនប្រុសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបំពាក់ឋានន្តរស័ក្ដិ ថ្នាក់វរសេនីយ៍ឯក ( ស័ក្ដិ៥ ) តាំងពីនៅមានអាយុ៣០ឆ្នាំ ដំណាលគ្នានឹងការតែងតាំងមុខតំណែងជាប្រធាននាយកដ្ឋានពិសេស នៃលេខាធិការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ( គ.ជ.ប.ភ ) ដោយអនុក្រឹត្យលេខ ៧៥អនក្រ.តត ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៨ ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានទទួលនូវតំណែងជាបន្តបន្ទាប់ដូចតទៅ៖

– ឯកឧត្តមវរសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងក្របខ័ណ្ឌជានាយអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៣៣៨៨៣ ទទួលបានការដំឡើងឋានន្តរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ត្រី ( ផ្កាយ១ ) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១០៩/០៦៩ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៩ ។

– ឯកឧត្តមឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ាណែត ទទួលបានការតែងតាំងជា មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស និងជានាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយអនុក្រឹត្យលេខ ៩៦៤អនក្រ.តត ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០។

– ឯកឧត្តមឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ាណែត ទទួលបានការតែងតាំងជា មេបញ្ជាការរង នៃបញ្ចាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយអនុក្រឹត្យលេខ ១១៥០អនក្រ.តត ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០។

– ឯកឧត្តមឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ាណែត ទទួលបានការដំឡើងឋានន្តរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ ( ផ្កាយ២ ) ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២១០/៩២១ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១០ ។

– ឯកឧត្តមឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត ទទួលបានការដំឡើងឋានន្តរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ឯក ( ផ្កាយ៣ ) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១៣/៦៧១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ។

– ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលបានការតែងតាំងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្នដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧១៨/៦៩៥ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨។

– ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលបានការតែងតាំងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩៣៣ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ។

– ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលបានការដំឡើងឋានន្តរស័ក្ដិ នាយឧត្តមសេនីយ៍ ( ផ្កាយ៤ ) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៤៥៤ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ពោលគឺនៅពេលមានអាយុ៤៥ឆ្នាំ៕