ការប្តេជ្ញានាំភ្ញៀវទេសចរបរទេស របស់ក្រុមហ៊ុនទេសចរណ៍ Trip.com មកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត
ភ្នំពេញ៖ នាឱកាសជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងដាវ៉ូស ប្រទេសស្វីស អគ្គនាយិកាក្រុមហ៊ុន Trip.com លោកស្រី Jane Sun បានប្តេជ្ញានឹងនាំភ្ញៀវទេសចរបរទេសមកទស្សនា នៅប្រទេសកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនលោកស្រីក៏មានការចុះអនុស្សរណៈជាមួយក្រុមហ៊ុនទេសចរណ៍កម្ពុជាដែរនោះ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤ ។
លោកស្រី Jane Sun បានថ្លែងអំណរគុណនៅក្នុងកិច្ចជំនួបចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន សម្តេចធិបតី អំពីដំណើរការអាជីវកម្ម និងសក្តានុពលរបស់ក្រុមហ៊ុន Trip.com ដែលមានប្រតិបត្តិការអាជីវកម្មផ្តោតជាសំខាន់លើវិស័យទេសចរណ៍។
ស្របគ្នានោះ លោកស្រី ក៏បានបញ្ជាក់ផងដែរ អំពីគោលបំណងរបស់ក្រុមហ៊ុនលោកស្រីក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជាដែលជាប្រទេសដ៏ស្រស់ស្អាត និងមានគោលដៅទេសចរណ៍ដែលមានភាពទាក់ទាញខ្លាំង។
សូមបញ្ជាក់ថា Trip.com Group Limited គឺជាវេបសាយធ្វើដំណើរមួយឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយ សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក ។ អ្នកទេសចរទូទាំងពិភពលោក ក៏អាចកក់សេវាកម្មទេសចរណ៍ ដូចជា សំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើម នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈវេបសាយ Trip.com ហើយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូជាមួយនឹង Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ (smart airport) នៅក្នុងខេត្តសៀមរាបផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោកស្រីអគ្គនាយិកា និងសហការី ហើយសម្តេចបានបង្ហាញនូវការស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា ជាពិសេសតាមរយៈកិច្ចសហការជាមួយនឹងបណ្តាក្រុមហ៊ុនដៃគូក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បាន និងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់ សំដៅជំរុញកំណើននៃវិស័យទេសចរណ៍ នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕