ក្រុមហ៊ុន HawkEye 360 Inc សម្ដេចធិបតីស្វាគមន៍ និងលើកទឹកចិត្ត ឲ្យសហការវិនិយោគជាមួយក្រុមហ៊ុននៅកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត
ស្វីស៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។
លោក John Serafini បានថ្លែងអំណរគុណក្នុងឱកាសនៃជំនួបចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកមុ្មរបស់ក្រុមហ៊ុន HawkEye 360 Inc ចាប់តាំងពីពេលបង្កើតឡើង រហូតមកដល់ទទួលបានជោគជ័យ ដូចពេលបច្ចុប្បន្ន ។ ទន្ទឹមនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ក៏បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត (geospatial information solution) ផងដែរ ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះជំនួបជាមួយលោកនាយកប្រតិបត្តិក្រុមហ៊ុន និងបានបង្ហាញនូវភាពរីករាយចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការចូលរួមសហការវិនិយោគជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក ដោយបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនបន្តសិក្សាលទ្ធភាពនៅក្នុងការវិនិយោគលើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្តនេះ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន HawkEye 360 Inc ជាក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០១៥ ៕