ណាតូ ត្រៀមធ្វើសង្រ្គាមជាមួយរុស្ស៊ី
បរទេស៖ កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ បាននិងកំពុងរៀបចំសម្រាប់ការវាយប្រហារចម្រុះរបស់រុស្ស៊ីលើផ្នែកខាងកើតរបស់អង្គការណាតូ ដែលអាចនឹងធ្វើឡើង នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ នេះយោងឲ្យដឹងពីសារព័ត៌មានអាល្លឺម៉ង់ Bild ។
សារព័ត៌មាននេះ បានកត់សម្គាល់ថា យោងតាមឯកសារ ភាពតានតឹងរវាងអង្គការណាតូ និងរុស្ស៊ី អាចនឹងកើតឡើង នៅដើមខែកុម្ភៈ ឆ្នាំ ២០២៤។
នៅក្នុងឯកសារសម្ងាត់មួយ ក្រសួងការពារជាតិអាល្លឺម៉ង់ បានគូសបញ្ជាក់អំពីផ្លូវដ៏សំខាន់ទៅកាន់ជម្លោះ រវាងរុស្ស៊ី និងអង្គការណាតូ ត្រូវបានរៀបរាប់លម្អិត។ សកម្មភាពរបស់រុស្ស៊ី និងលោកខាងលិច ត្រូវបានពិពណ៌នាពីមួយខែទៅមួយខែ ដោយឈានដល់ការដាក់ពង្រាយទាហានរាប់សែននាក់របស់អង្គការណាតូ និងការចាប់ផ្តើមនៃសង្រ្គាម ដែលមិនអាចជៀសបាននៅរដូវក្តៅឆ្នាំ២០២៥។
សារព័ត៌មាន Bild បានបញ្ជាក់អំពីសេណារីយោពីឯកសារនេះ ប៉ុន្តែបដិសេធមិនបង្ហាញព័ត៌មានទាំងអស់ទាក់ទងនឹងទំហំ និងចលនារបស់កងកម្លាំងណាតូ ដោយសារការពិចារណាផ្នែកសន្តិសុខ។
សេណារីយោរបស់កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ គឺការការពារសម្ព័ន្ធភាពឆ្នាំ២០២៥ ចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ ២០២៤។ ប្រទេសរុស្ស៊ីចាប់ផ្តើមរលកនៃការកេណ្ឌទ័ពផ្សេងទៀត និងបញ្ជូនទាហានចំនួន ២០០.០០០ នាក់ បន្ថែមទៅក្នុងជួរកងទ័ព។ បន្ទាប់មក វិមានក្រឹមឡាំង បើកការវាយលុកនិទាឃរដូវនៅអ៊ុយក្រែន ដោយរុញកងទ័ពអ៊ុយក្រែនវាយបកវិញ នៅខែមិថុនា៕