ការចុះអនុស្សរណៈ កម្ពុជាជាមួយក្រុមហ៊ុនបារំាងជាច្រើន ដើម្បីជំរុញសេដ្ឋកិច្ចខ្លួន និងប្រទេសប្រើភាសាបារំាងឲ្យកាន់តែប្រសើរថែមទៀត

ភ្នំពេញ៖ ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនធំៗរបស់បារាំងជាច្រើន បានចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីសប្រទេសបារាំង ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជានឹងបណ្តាប្រទេសនិយាយភាសាបារាំងកាន់តែល្អប្រសើរបន្ថែមទៀត ខណៈការចុះអនុស្សរណៈ នេះគឺបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការចុះអនុស្សរណៈរវាងកុ្រមហ៊ុន បារាំង និងកម្ពុជានោះរួមមាន អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) នេះបានឲ្យដឹង ដោយយោងតាមឆាណែលតេលេក្រាមរបស់ សម្តេចធិបតី ។ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle។ អនុស្សរណៈយោគយល់រវាង អាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail។ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions។ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42) និង អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARISជាដើម។

តាមរយៈការចុះអនុស្សរណៈយោគយល់នេះនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសនិយាយភាសាបារាំង ក៏ដូចជាជួយគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំងតាមរយៈការរៀបចំ ជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានាជាដើម នេះយោងតាមឆាណែលតេលេក្រាមរបស់សម្តេចធិបតីដដែល បានបញ្ជាក់បន្ថែមទៀត ។

ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចក្រុមហ៊ុនបារាំង និងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕