កំពូលវោហាសាស្ត្រ ! លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសចិន បញ្ជាក់ពីគោលជំហរដ៏ម៉ឺងម៉ាត់ របស់ចិន ចំពោះស្ថានការណ៍តៃវ៉ាន់

ចិន៖ លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៤ តាមម៉ោងក្នុងតំបន់ដែលកំពុងបំពេញទស្សនកិច្ច នៅអេហ្ស៊ីប បានរួមជាមួយលោក Shoukry រដ្ឋមន្ត្រីក្រសួងការបរទេស អេហ្ស៊ីប ជួបជាមួយអ្នកសារព័ត៌មាន នៅទីក្រុងគែរ បន្ទាប់ពីបញ្ចប់កិច្ចជំនួប ។

អ្នកសារព័ត៌មានបានសួរអំពីទស្សនៈរបស់ចិន ចំពោះទំនាក់ទំនងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់និងស្ថានការណ៍តៃវ៉ាន់ បន្ទាប់ពីការបោះឆ្នោតជ្រើសរើស មេដឹកនាំតំបន់តៃវ៉ាន់ របស់ចិន លោក Wang Yi បានថ្លែងថា ការបោះឆ្នោតក្នុងតំបន់តៃវ៉ាន់ គឺជាកិច្ចការក្នុងតំបន់មូលដ្ឋាន របស់ប្រទេសចិន ។ មិនថាលទ្ធផល នៃការបោះឆ្នោតវាយ៉ាងណា ក៏មិនអាចផ្លាស់ប្តូរការពិតជាមូលដ្ឋាន ដែលនៅលើពិភពលោកមានចិន តែមួយនោះដែរ ពោលគឺតៃវ៉ាន់ជាផ្នែកមួយ នៃប្រទេសចិន ហើយក៏មិនអាចផ្លាស់ប្តូរគំនិតឯកភាព ជាទូទៅរបស់សហគមន៍អន្តរជាតិ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ចិន តែមួយនោះដែរ ។

លោក Wang Yi បានថ្លែងថា កាលពី ៨០ ឆ្នាំមុន នៅទីក្រុងគែរសព្វថ្ងៃនេះ ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានចេញ «សេចក្តីថ្លែង ការណ៍រួម ទីក្រុងគែរ» ដែលចែងយ៉ាងច្បាស់ថា “ប្រគល់កោះតៃវ៉ាន់ដែលជាទឹកដីរបស់ចិនដែលត្រូវជប៉ុនលួចយកឱ្យប្រទេសចិនវិញ ” ។ បន្ទាប់មក មាត្រាទី ៨ នៃ«សេចក្តីប្រកាសក្រុងPostdam» ដែលចេញផ្សាយរួមគ្នាដោយប្រទេសចិន សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពសូវៀត ក្នុងឆ្នាំ ១៩៤៥ បានចែងថា«សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» នឹងត្រូវអនុវត្តជាដាច់ខាត” ។ ប្រទេសជប៉ុនបានទទួលយក«សេចក្តីប្រកាសក្រុង Postdam» ហើយបានប្រកាសចុះចាញ់ ដោយគ្មានលក្ខខណ្ឌ ។

ឯកសារទាំងនេះមានសុពលភាពតាមផ្លូវច្បាប់អន្តរជាតិ បានបង្កើតជាផ្នែកសំខាន់មួយនៃសណ្តាប់ធ្នាប់ អន្តរជាតិក្រោយសង្គ្រាម ហើយក៏បានបង្កើត ជាមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រ និងច្បាប់ដែល កំណត់ថាតៃវ៉ាន់ជាទឹកដីដែលមិនអាចកាត់ផ្តាច់បាន របស់ប្រទេសចិន ៕