ឯកឧត្តមប្រធានរាជបណ្ឌិត្យសភាកម្ពុជាថា ដើម្បីជោគជ័យការ សរសេរនិក្ខេបបទ និស្សិតត្រូវចេះរើសគ្រឹះស្ថានសិក្សា និងគ្រូមាន ចំណេះដឹងច្បាស់លាស់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់ជាគំនិតដល់និស្សិត ទាំងឡាយថា ដើម្បីទទួលភាពជោគជ័យលើការសរសេរសារណាឬ និក្ខេបបទបញ្ចប់ការសិក្សា ក្លាយជាបណ្ឌិត និងជាធនធានមនុស្សពោរពេញដោយសមត្តភាពដ៍សំខាន់ សម្រាប់ប្រទេសជាតិនោះនិស្សិតត្រូវចេះជ្រើសរើស គ្រឹះស្ថានសិក្សា ដែលមានគុណភាពអប់រំ មានកម្មវិធីសិក្សាបង្រៀនល្អៗព្រមទាំងសម្បូរទៅ ដោយសាស្ត្រាចារ្យ ដែលមានចំណេះដឹងច្បាស់លាស់ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើតយ៉ាងដូច្នេះថា”ការផ្តល់ជាពុទ្ធិ ដើម្បីនិស្សិតទទួលជោគជ័យ លើការសិក្សាទៅតាមជំនាញចង់រៀនរៀងខ្លួន” នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ថ្មី នៃថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១២ វគ្គទី១ និងថ្នាក់បណ្ឌិតជំនាន់ទី៩ វគ្គទី១ កាលពីព្រឹកថ្ងៃទី១៣ ខែមករាឆ្នាំ ២០២៤ ដោយមានថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាព្រឹទ្ធសភាចារ្យ សាស្ត្រាចារ្យ និស្សិត និងសាធារណ ជន ចូលរួមក្នុងពិធីប្រមាណ២០០នាក់ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបន្តថា ពេលសរសេរនិក្ខេបបទដើម្បីបញ្ចប់ការសិក្សា និស្សិតកុំសរសេរ ឲ្យតែរួចពីដៃត្រឹមតែដាក់តំកល់ចោលក្នុងបណ្ណាល័យឲ្យសោះ ត្រូវសរសេរប្រធានបទណា ដែលមានគុណភាព មានអត្ថន័យខ្លឹមសារល្អៗ បានមកពីការសិក្សាស្រាវជ្រាវដោយខ្លួនផ្ទាល់ហើយក្លាយជាឯកសារស្នាដៃដ៍សំខាន់ បន្សល់ទុកសម្រាប់អ្នកសិក្សាជំនាន់ក្រោយៗ ។ កុំយកទ្រឹស្តីរបស់អ្នកប្រាជ្ញនានា ឬ ពីបញ្ហានយោបាយមកជា ប្រធានបទសម្រាប់សរសេរសារណា ឬបញ្ចប់និក្ខេបបទរបស់ខ្លួនឲ្យសោះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក្រើនរំលឹកថា និស្សិតត្រូវចេះជ្រើសរើសគ្រូ ដែលពូកែហើយជួយណែនាំ ទៅតាមប្រធានបទ ដែលខ្លួនពេញចិត្ត។កត្តាសំខាន់ត្រូវតាំងខ្លួនជាអ្នកចេះជាងគេ ដើម្បីពេលឡើងការពារ និក្ខេបបទទៅគឺទទួលបានជោគជ័យ។
លោក សាន សុរាវនិត ប្រធានស្តីទី មជ្ឈមណ្ឌលបណ្តុះបណ្តាលនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា បើសរុបស្ថិតិ និស្សិតដែលបានសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជាទាំងថ្នាក់អាហារូបករណ៍ និងបង់ថ្លៃសិក្សា(២០០០- ២០២៣) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៧៤៩នាក់ ថ្នាក់បណ្ឌិត៨៨៩ នាក់។ ជាលទ្ធផលបញ្ចប់ការសិក្សារបស់និស្សិតចាប់ពីឆ្នាំ ២០០០-២០២៣មក ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាប់បាន ៣៣០ នាក់ (ស្រី ៥២នាក់) -ថ្នាក់បណ្ឌិត បាន ១២៣ នាក់ (ស្រី ១១ នាក់)។ដោយឡែកសម្រាប់ឆ្នាំ២០២៣ កន្លងមកនេះ និស្សិតជ័យលាភី ដែលបានបញ្ចប់ដោយ ជោគជ័យលើការការពារសារណា និងនិក្ខេបបទ មាន ១៣នាក់។ ក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤នាក់ ទៅតាមជំនាញរៀងៗខ្លួន។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២៣- ២០២៤ បើកដំណើរការក្នុងពេលនេះ ថ្នាក់បណ្ឌិត មាន៨៥ នាក់ លើ៩ ជំនាញដូចជា៖ រដ្ឋបាលសាធារណៈ នីតិសាស្រ្ត វិទ្យាសាស្ត្រនយោបាយ សេដ្ឋកិច្ច អប់រំ អក្សរសិល្ប៍ គ្រប់គ្រងធុរកិច្ច ទស្សនវិជ្ជា ស្ថាបត្យកម្មនិងសំណង់។ ដោយឡែក ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន ៧៣នាក់ លើជំនាញ រដ្ឋបាលសាធារណៈ នីតិសាស្រ្ត វិទ្យាសាស្ត្រនយោបាយ សុខាភិបាល អប់រំ អក្សរសិល្ប៍ វិទ្យាសាស្ត្រសេដ្ឋកិច្ច សិល្បៈតន្ត្រី និងជំនាញវិស្វកម្មបរិស្ថាន៕