ជ្រើសរើសរវាងសង្រ្គាម និងសន្តិភាព គណបក្សគួមីនតាង ស្នើឲ្យអ្នកបោះឆ្នោតពិចារណា
តៃវ៉ាន់៖ ការប្រគុំយ៉ាងគគ្រឹកគគ្រេងនូវតន្ត្រីរ៉ុក មានអ្នករាំនៅលើឆាកយ៉ាងសប្បាយរីករាយ ហើយមនុស្សរាប់ពាន់នាក់ កំពុងគ្រវីទង់ជាតិតៃវ៉ាន់។ ការប្រមូលផ្តុំនយោបាយ ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ សម្រាប់បេក្ខជនរបស់របស់គណបក្សគួមីនតាង (KMT) សម្រាប់ការបោះឆ្នោតមេដឹកនាំនៅថ្ងៃទី១៣ ខែមករាខាងមុខ បានដំណើរការយ៉ាងពេញទំហឹង។
អ្នករៀបចំបានស្រែកថា៖«សូមផ្តល់ឲ្យខ្ញុំនូវមេដឹកនាំម្នាក់មក។ អ្នកចូលរួមដ៏ច្រើន បានស្រែកបន្ទរថា «លោក Hou You-ih!» នៅពេលដែលលោក Hou សម្លឹងមើលនោះ មិត្តរួមការងាររបស់ខ្លួនគឺ លោក Jaw Shaw-kong បានយកមីក្រូហ្វូន ហើយបានចាប់ផ្តើមរិះគន់ជាទូទៅប្រឆាំង និងគណបក្សប្រជាធិបតេយ្យជឿនលឿន ដែលកំពុងកាន់អំណាច(DPP)។
លោកបានបន្តដោយគ្រវីម្រាមដៃថា៖«តើពួកគេដើរតាមផ្លូវណា? ផ្លូវទៅសង្រ្គាម!»។ «ផ្លូវដែលនាំកោះតៃវ៉ាន់ ចូលទៅក្នុងស្ថានភាពគ្រោះថ្នាក់ ឬក៏ផ្លូវដែលនាំទៅរកភាពមិនប្រាកដប្រជា!»។
នៅចុងសប្តាហ៍នេះ នៅពេលដែលកោះតៃវ៉ាន់ កាន់តែខិតជិតដល់ការបោះឆ្នោត គណបក្ស KMT កំពុងប្រឹងប្រែងបញ្ចុះបញ្ចូលអ្នកបោះឆ្នោតថា ពួកគេប្រឈមមុខនឹងជម្រើសរវាងសង្រ្គាម និងសន្តិភាពជាមួយនឹងប្រទេសចិន។
ទីក្រុងប៉េកាំង បានទាមទារកោះស្វ័យគ្រប់គ្រងនេះថា ជាកម្មសិទ្ធិរបស់ខ្លួន ហើយខណៈពេលដែលខ្លួន ជំរុញឲ្យមាន«ការបង្រួបបង្រួមដោយសន្តិភាព» នោះ ប៉ុន្តែទីក្រុងនេះ ក៏មិនបានច្រានចោលការប្រើប្រាស់កម្លាំងក្នុងការដណ្តើមយកកោះតៃវ៉ាន់ដែរ។
ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនៃការគ្រប់គ្រងរបស់គណបក្ស DPP ដែលគាំទ្រអធិបតេយ្យភាព ប្រទេសចិន បានបង្កើនវត្តមានយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ដោយឥតឈប់ឈរ ដោយធ្វើនូវអ្វីដែលហៅថា សង្គ្រាមតំបន់ប្រផេះ៕