មន្ទីរបញ្ចកោណ៖ មិនមានផែនការដកទ័ពអាមេរិកចេញពីអ៊ីរ៉ាក់ទេ
អាមេរិក៖ ការលើកឡើងកាលពីថ្ងៃ០៨ ខែមករា របស់មន្ទីរបញ្ចកោណថា បច្ចុប្បន្នមិនមានគម្រោងដកទ័ពប្រហែល ២.៥០០នាក់របស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ទេ បើទោះបីជាមានការប្រកាសរបស់ទីក្រុងបាកដាដ កាលពីសប្តាហ៍មុនថា ប្រទេសនេះនឹងចាប់ផ្តើមដំណើរការដកកងកម្លាំងចម្រុះ ដែលដឹកនាំដោយសហរដ្ឋអាមេរិកចេញពីប្រទេសក៏ដោយ។
ឧត្តមសេនីយឯក ផាតទ្រីក រ៉ាយឌ័រ (Patrick Ryder) បានប្រាប់សន្និសីទសារព័ត៌មានមួយ ថា «ឥឡូវនេះ ខ្ញុំមិនដឹងពីផែនការដើម្បីដកទ័ពនោះទេ ហើយកងកម្លាំងអាមេរិកស្ថិតក្នុងប្រទេសអ៊ីរ៉ាក់ តាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសនេះ»។
លោក ម៉ូហាម៉េដ សៀ អាល់ស៊ុដានី (Mohammed Shia al-Sudani) ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានប្រកាសកាលពីថ្ងៃសុក្រ អំពីវិធានការបណ្តេញកងកម្លាំងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់សហរដ្ឋអាមេរិក នៅទីក្រុងបាកដាដ ដែលត្រូវបានថ្កោលទោសដោយរដ្ឋាភិបាល។
ការវាយប្រហារនេះ បានសម្លាប់មេដឹកនាំកងជីវពលម្នាក់ ដែលទទួលខុសត្រូវចំពោះការវាយប្រហារនាពេលថ្មីៗនេះលើបុគ្គលិកអាមេរិក បើតាមការលើកឡើងពីមន្ទីរបញ្ចកោណ៕