សហរដ្ឋអាមេរិកទាំងមូល ជើងហោះហើររាប់រយ ត្រូវបានលុបចោល ដោយសារព្យុះ

បន្ទាប់ពីព្យុះរដូវរងាចំនួន២ បានបន្សល់ទុកនូវគំនរព្រិលកម្ពស់ជាង ៣០សង់ទីម៉ែត្រ នៅក្នុងជ្រលង Hudson របស់ទីក្រុងញូវយ៉ក និងបាននាំឲ្យមានការព្រមានអំពីព្យុះទឹកកក នៅទូទាំងតំបន់ Great Plains ជើងហោះហើររាប់រយត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក។

ព្យុះទី១ នៅតែនាំឲ្យមានព្រិលធ្លាក់ខ្លាំង កាលពីថ្ងៃទី៧ ខែមករា នៅទូទាំងទីក្រុង Boston និងតំបន់ New Englandបើតាមការឲ្យដឹងសេវាអាកាសធាតុជាតិ ។ តំបន់នៅភាគខាងជើង និងខាងលិចនៃទីក្រុងញូវយ៉ក ក្នុងនោះរួមទាំងជ្រលងទន្លេ Hudson ខាងលើ បានព្រិលពី ១៥ ទៅ ៣០,៥សង់ទីម៉ែត្រ។

ស្របពេលដែលព្យុះនៅភាគខាងកើតនេះ បានអូសបន្លាយរហូតដល់ថ្ងៃទី៧ ខែមករា ព្យុះទី២ កំពុងធ្វើដំណើរឆ្លងកាត់បណ្ដារដ្ឋ នៅភាគខាងលិច ដែលនាំឲ្យមានការព្រមានអំពីព្យុះរដូវរងា និងការជូនដំណឹងអំពីអាកាសធាតុ រាប់តាំងពីរដ្ឋ Arizona ទៅរដ្ឋ Illinois និងការព្រមានអំពីខ្យល់ព្យុះ នៅរដ្ឋ New Mexico និង Colorado។

ព្យុះទាំង២ នេះ បានធ្វើឲ្យមានការលុបចោលជើងហោះហើរចំនួន ៦៩២ជើង នៅទូទាំងសហរដ្ឋអាមេរិកគិតត្រឹមដើមថ្ងៃទី៧ ខែមករា ដោយទីក្រុង Boston, Newark, Seattle និង Chicago បានរងគ្រោះខ្លាំងជាងគេ។ នេះបើយោងតាម FlightAware ដែលជាក្រុមហ៊ុនតាមដានប្រតិបត្តិការអាកាសចរណ៍។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែក Amtrak បានលុបចោលការធ្វើដំណើររបស់រថភ្លើងមួយចំនួនទៅកាន់ទីក្រុង Boston ក៏ដូចជាការឆ្លងកាត់តំបន់ Midwest ផងដែរ។ លើសពីនេះទៀត បើយោងតាម PowerOutage.us បានឲ្យដឹងថា អតិថិជនប្រហែល ១១.៨០០នាក់ គ្មានថាមពលប្រើប្រាស់ នៅក្នុងរដ្ឋ Massachusetts ដោយភាគច្រើននៅក្នុងតំបន់ Middlesex ភាគខាងជើង និងភាគខាងលិចនៃទីក្រុង Boston៕