ក្រុមហ៊ុនឧស្សាហកម្មការពារជាតិ ចំនួន៥របស់សហរដ្ឋអាមេរិក ចិន សម្រេចដាក់ទណ្ឌកម្ម

ចិន៖ ប្រទេសចិន បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្សាហកម្មការពារជាតិ ចំនួន៥របស់សហរដ្ឋអាមេរិក បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយក្នុងថ្ងៃអាទិត្យនេះ ។

កាលពីថ្មីៗនេះ សហរដ្ឋអាមេរិក បានប្រកាសលក់អាវុធថ្មីទៅឲ្យកោះតៃវ៉ាន់ និងដាក់ទណ្ឌកម្មអាជីវកម្ម និងបុគ្គលមួយចំនួនរបស់ប្រទេសចិន ក្រោមលេសផ្សេងៗ។ អ្នកនាំពាក្យដដែល បានប្រកាសពីការសម្រេចចិត្តនេះ នៅពេលសួរអំពីវិធានការតបតរបស់ចិន។

អ្នកនាំពាក្យបានថ្លែងថា ការលក់អាវុធរបស់អាមេរិក ទៅឲ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន បំពានយ៉ាងខ្លាំងលើគោលការណ៍ចិនតែមួយ និងលក្ខខណ្ឌនៃសេចក្ដីថ្លែងការណ៍រួមទាំងបីរវាងចិន និងសហរដ្ឋអាមេរិក ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី ១៧ ខែសីហា ឆ្នាំ ១៩៨២ និងទណ្ឌកម្មឯកតោភាគីខុសច្បាប់ ដែលសហរដ្ឋអាមេរិកបានដាក់លើក្រុមហ៊ុន និងបុគ្គលមួយចំនួនរបស់ចិន ក្រោមលេសមិនពិតផ្សេងៗ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន។

ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិក និងការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់ក៏ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរ ហើយរំលោភលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ និងភាពស្របច្បាប់របស់ក្រុមហ៊ុន និងបុគ្គលរបស់ចិន។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ប្រទេសចិន ជំទាស់យ៉ាងដាច់អហង្ការ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះករណីនេះ ហើយបានតវ៉ា ចំពោះទង្វើរបស់សហរដ្ឋអាមេរិក៕