ឆ្នាំ២០២៣ ចាប់ខ្លួនជនសង្ស័យជាង ៥៦,០០០នាក់ ពាក់ព័ន្ធគ្រឿងញៀន នៅហ្វីលីពីន
ហ្វីលីពីន៖ ប្រទេសហ្វីលីពីន បានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ចំនួន ៥៦,៤៩៥នាក់ និងរឹបអូសថ្នាំញៀនចំនួន ១០,៤១ ពាន់លានប៉េសូ (ជាង ១៨៧លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៣ បើយោងតាមការិយាល័យទំនាក់ទំនងប្រធានាធិបតី (PCO) បានឲ្យដឹងនៅថ្ងៃម្សិសមិញ ។
ការអនុវត្តច្បាប់បានធ្វើប្រតិបត្តិការ ប្រឆាំងគ្រឿងញៀនខុសច្បាប់ជាង ៤៤,០០០កាលពីឆ្នាំមុន ដោយចាត់ទុកថា “ជោគជ័យរបស់រដ្ឋាភិបាលថ្មីៗនេះ” នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់ ចំពោះយុទ្ធសាស្ត្រថ្មីរបស់រដ្ឋបាល ដើម្បីទប់ស្កាត់ការពឹងផ្អែក លើគ្រឿងញៀនដោយផ្តោតលើការស្តារនីតិសម្បទា ការធ្វើសមាហរណកម្មឡើងវិញ និងកម្មវិធីអប់រំបង្ការ ដែលផ្តោតជាពិសេសទៅលើយុវជន នេះតាមការឲ្យដឹងដោយដកស្រង់របាយការណ៍របស់ នគរបាលជាតិ PCO ។
ហ្វីលីពីនបន្តបង្ក្រាប ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋបាលបច្ចុប្បន្នមានគោលបំណង ដើម្បីសម្រេចបានភូមិ ដែលគ្មានគ្រឿងញៀន ១០០ភាគរយនៅឆ្នាំ២០២៨ នៅពេលដែលលោក Ferdinand Romualdez Marcos បញ្ចប់អាណត្តិប្រធានាធិបតី រយៈពេល ៦ឆ្នាំរបស់លោក៕