ជាប់គាំងក្នុងព្រិលពេញ ១យប់ អ្នកបើកបររថយន្តរាប់រយនាក់ នាភាគខាងត្បូងស៊ុយអែត និងដាណឺម៉ាក

បរទេស៖ សេវាកម្មជួយសង្គ្រោះ បានជម្លៀសអ្នកបើកបរចេញពីរថយន្តរាប់រយគ្រឿង ដែលជាប់គាំងពេញមួយយប់ នៅលើផ្លូវរបស់ប្រទេសស៊ុយអែត និងដាណឺម៉ាក ខណៈដែលព្រិលធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងស្ថានភាពត្រជាក់ បាននាំឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង កាលពីថ្ងៃទី៤ ខែមករាកន្លងមកនេះ ។

យោធាបានចល័តរថយន្តតាមដាន នាប្រទេសស៊ុយអែត ដើម្បីជួយជម្លៀស និងនាំយកអាហារ និងទឹកឲ្យអ្នក ដែលជាប់គាំងនៅលើផ្លូវមួយ នៅភាគខាងត្បូងប្រទេស។ ទីភ្នាក់ងារដឹកជញ្ជូនស៊ុយអែត បាននិយាយថា ខ្លួនរំពឹងថា ផ្លូវ E22 ដែលរងផលប៉ះពាល់ រវាងទីក្រុង Horby និងទីក្រុង Kristianstad នឹងបើកដំណើរការឡើងវិញ នៅថ្ងៃសុក្រស្អែកនេះ បន្ទាប់ពីផ្លូវនេះបានស្ទះដោយយានយន្ត កាលពីថ្ងៃពុធ (ទី៣ ខែមករា) ខណៈដែលរថយន្តដឹកទំនិញ បានជាប់គាំង ហើយរនាស់ត្រាក់ទ័រព្យាយាមជួយសម្អាតផ្លូវ។

ទីភ្នាក់ងារសារព័ត៌មាន TT បានដកស្រង់សម្ដីសេវាសង្គ្រោះ បានរាយការណ៍ថា រថយន្តជាច្រើន ត្រូវបានទុកចោល ខណៈពេលដែលការជម្លៀសបានបន្តធ្វើ នៅពេលដែលអ្នកផ្សេងទៀតអាចវិលត្រឡប់មកវិញ នដោយសារក្រុមអ្នកជួយសង្គ្រោះ បានកាត់រន្ធនៅក្នុងរនាំងដែក ដែលបែងចែកផ្លូវចរាចរណ៍ឆ្ពោះទៅខាងត្បូង និងឆ្ពោះទៅខាងជើង៕