មេដឹកនាំកំពូលចិន បានអំពាវនាវឲ្យប្រជាជនកោះតៃវ៉ាន់ លើកស្ទួយការបង្រួបបង្រួមជាតិដោយសន្តិវិធី

ប៉េកាំង៖ លោកសុង តាវ (Song Tao) ប្រធានការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យប្រជជនកោះតៃវ៉ាន់ ជួយលើកស្ទួយដំណើរការនៃការបង្រួមបង្រួមជាតិប្រកបដោយសន្តិវិធី ដោយនិយាយថា នោះគឺជាបំណងប្រាថ្នារួមគ្នារបស់ប្រជាជនទាំង២ នៃច្រកសមុទ្រតៃវ៉ាន់។

សាររបស់លោកសុង ដែលបានកើតឡើងមិនដល់២សប្ដាហ៍ មុនការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភា របស់កោះតៃវ៉ាន់ នៅថ្ងៃទី១៣ ខែមករាខាងមុខ ដោយ សុន្ទរកថារបស់ជូនពរឆ្នាំថ្មីរបស់លោកប្រធានាធិបតីចិន Xi Jinping ដែលសង្កត់ធ្ងន់ថា ការបង្រួបបង្រួមរបស់ចិន ជាមួយកោះតៃវ៉ាន់ គឺជារឿងជៀសមិនរួច។

លោកសុង បាននិយាយនៅក្នុងសារឆ្នាំថ្មីរបស់លោក នៅលើគេហទំព័រការិយាល័យថា មាតុភូមិនេះ នឹងត្រូវតែបង្រួបបង្រួមឡើងវិញ។ លោក បានបន្តថា នេះគឺជាបំណងប្រាថ្នា និងបេសកកម្មរួមរបស់ប្រជាជនទាំង២ នៃច្រកសមុទ្រតៃវ៉ាន់។

លោក ក៏បន្ថែមថា ប្រជាជនកោះតៃវ៉ាន់ គួរតែគាំទ្រទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ ដើម្បីវិលទៅរកមាគ៌ាដ៏ត្រឹមត្រូវនៃការអភិវឌ្ឍ និងលើកស្ទួយដំណើរការបង្រួបបង្រួមជាតិប្រកបដោយសន្តិវិធីនៃមាតុភូមិនេះ។

រដ្ឋាភិបាលកោះតៃវ៉ាន់ បានច្រានចោលការអះអាងសិទ្ធិរបស់ប្រទេសចិន ។ ទាំងគណបក្សកាន់អំណាចប្រជាធិបេតេយ្យជឿនលឿន និងគណបក្សប្រឆាំងដ៏ធំ គឺគណបក្សគូមីងតាង (Kuomintang) បាននិយាយថា ប្រជាជនកោះតៃវ៉ាន់ អាចសម្រេចអនាគតរបស់ខ្លួនដោយខ្លួនឯងបាន៕