មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង អំឡុងពេលធ្វើដំណើរទៅទីក្រុងប៊ូសាន ត្រូវគេចាក់ចំ-ក

កូរ៉េខាងត្បូង៖ លោក លីចេ មីយ៉ុង (Lee Jae-myung) ប្រធានគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង ត្រូវបានវាយប្រហារក្នុងអំឡុង ពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកំពង់ផែប៊ូសាន(Busan)ភាគខាងត្បូង នៅថ្ងៃអង្គារថ្ងៃទី២ខែមករានេះ បើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់(Yonhap) ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានថ្លែងថា លោក Lee ត្រូវបានចាក់ចំផ្នែកខាងឆ្វេងនៃកញ្ចឹងកដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ខណៈកំពុងធ្វើដំណើរទៅកាន់ទីតាំងអាកាសយានដ្ឋានមួយកន្លែង ដែលបានស្នើឡើងនៅទីក្រុងប៊ូសាន។

សារព័ត៌មានយ៉ុនហាប់ បានបន្តថា ជនវាយប្រហារត្រូវបានបង្ក្រាប និងចាប់ខ្លួននៅកន្លែងកើតហេតុ។ រូបថតព័ត៌មានដែលបានចេញផ្សាយបង្ហាញថា លោក Lee ដេកលើដីដោយបិទភ្នែក ហើយដៃរបស់មនុស្សផ្សេងទៀតនៅជុំវិញលោក កំពុងកាន់កន្សែងដៃទ្រករបស់លោក។

សារព័ត៌មានយ៉ុនហាប់ ដដែល បាននិយាយថាលោក Lee ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕