ប្រមុខដឹកនាំកំពូលថា រុស្ស៊ីនឹងបង្កើនការវាយប្រហារខ្លាំងក្លាបន្ថែមលើអ៊ុយក្រែន

មូស្គូ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ ទី០១ ខែមករា ថាទីក្រុងមូស្គូនឹងបង្កើនការវាយប្រហារកាន់តែខ្លាំងលើគោលដៅយោធា ក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានរបស់អ៊ុយក្រែន កាលពីចុងសប្តាហ៍ទៅលើទីក្រុង ប៊ែលហ្កូរ៉ូដ (Belgorod) របស់រុស្ស៊ី។

អ៊ុយក្រែនបានធ្វើការវាយប្រហារ កាលពីថ្ងៃសៅរ៍ដែលបានសម្លាប់មនុស្ស ២៥នាក់រួមទាំងកុមារ ៥នាក់ បានកើតឡើងបន្ទាប់ពីទីក្រុងមូស្គូ បានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើទីក្រុងនានារបស់អ៊ុយក្រែន។

ទន្ទឹមនឹងនេះ ទីក្រុងគីវ បាននិយាយថា ប្រទេសរុស្ស៊ីបានកំណត់គោលដៅលើខ្លួនជាមួយនឹងយានដ្រូនក្នុងចំនួន «ដ៏ច្រើនបំផុតក្នុងកំណត់ត្រា» នៅថ្ងៃចូលឆ្នាំថ្មី។

ក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅមន្ទីរពេទ្យយោធា លោក ពូទីន បាននិយាយថា៖ «យើងនឹងបង្កើនការវាយប្រហារឲ្យកាន់តែខ្លាំង។ មិនមានឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិលណាមួយមិនត្រូវបានដាក់ទោសនោះទេ»។

ការអត្ថាធិប្បាយរបស់ប្រធានាធិបតីរុស្ស៊ីរូបនេះ បានកើតឡើងនៅចុងបញ្ចប់នៃសប្តាហ៍ដ៏បង្ហូរឈាម នៅក្នុងប្រទេសអ៊ុយក្រែន ដោយភាគីទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមកដោយការវាយប្រហារទ្រង់ទ្រាយធំ។

លោក ពូទីន បាននិយាយថា រុស្ស៊ីនឹងបន្តវាយលុកអ្វីនូវដែលលោកហៅថា «ការដំឡើងយោធា» ដោយលោកបានចោទប្រកាន់កងកម្លាំងអ៊ុយក្រែនថាបានកំណត់គោលដៅ «នៅចំកណ្តាលទីក្រុងជាទីដែលមនុស្សម្នាដើរកម្សាន្តមុនថ្ងៃចូលឆ្នាំសកល» ហើយបានចោទប្រកាន់ថាអ៊ុយក្រែនបាន «វាយប្រហារជនស៊ីវិលដោយចេតនា»៕