កាំជ្រួចអបអរឆ្នាំថ្មី និងរាជសារលារបស់ព្រះមហាក្សត្រជាមួយ ការស្វាគមន៍ឆ្នាំ២០២៤ ពិភពលោក។

ស្វាគមន៍ឆ្នាំ២០២៤ របស់ពិភពលោកជាមួយនឹងភាពចម្រុះនៃការប្រារព្ធពិធី និងការឆ្លុះបញ្ចាំងដ៏ស្ងប់ស្ងាត់ពីបណ្ដាមេដឹកនាំពិភពលោក។ នៅក្នុងប្រទេសអូស្ត្រាលី ទីក្រុងស៊ីដនី បានសាទរដល់ឆ្នាំ២០២៤ ជាមួយនឹងការបាញ់កាំជ្រួចដ៏គួរឱ្យភ្ញាក់ផ្អើលដែលបង្ហាញពីកាំជ្រួចពណ៌ប្រាក់ និងមាស។

រីឯនៅតំបន់សង្រ្គាមហ្កាហ្សាវិញ ប្រជាជនមានក្តីសង្ឃឹមតិចតួចណាស់ថាឆ្នាំ២០២៤ នឹងនាំមកនូវភាពធូរស្បើយ បន្ទាប់ពីសង្គ្រាមអ៊ីស្រាអែលរយៈពេល ១២សប្តាហ៍ដើម្បីកម្ចាត់ក្រុមហាម៉ាស។

នៅដាណឺម៉ាក ម្ចាស់ក្សត្រី ម៉ាហ្រ្គេតថេ ទី២ (Margrethe II) បានប្រើសុន្ទរកថាប្រចាំឆ្នាំក្នុងឆ្នាំថ្មីរបស់ទ្រង់កាលពីថ្ងៃអាទិត្យ (៣១ ធ្នូ) ដើម្បីប្រកាសថាព្រះនាងនឹងដាក់រាជ្យនៅថ្ងៃទី១៤ ខែមករា បន្ទាប់ពីសោយរាជ្យបាន ៥២ឆ្នាំ ហើយនឹងត្រូវបានស្នងរាជ្យបន្តដោយបុត្រាច្បងគឺព្រះអង្គម្ចាស់ ហ្រ្វេដេរីក (Frederik)។

នៅប្រទេសរុស្ស៊ី ប្រជាជនកំពុងប្រារព្ធពិធីចូលឆ្នាំថ្មី ទាំងមានការបារម្មណ៍អំពីសង្រ្គាមរបស់ប្រទេសខ្លួននៅអ៊ុយក្រែន ហើយក៏មិនមានការបាញ់កាំជ្រួចដែរនៅឆ្នាំនេះ។ នៅក្នុងប្រទេសចិនវិញ ការប្រារព្ធពិធីចូលឆ្នាំថ្មីមានភាពអ៊ូអរដោយមានទង់ជាតិ និងចម្រៀងជាតិខណៈមនុស្សម្នាច្រើនកុះករនាំគ្នារងចាំមើលកាំជ្រួចឆ្នាំ២០២៤។

ប្រជាជនក្នុងរដ្ឋញ៉ូវយ៉ក នៅសហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នានៅទីលានចតុរង្គ ថាមស៍ ស្ខ្វែរ (Times Square) របស់ទីក្រុងម៉ានហាតថាន (Manhattan) ដើម្បីរង់ចាំប្រារព្ធឆ្នាំថ្មី និងមើលកាំជ្រួចដែលភ្លឺនៅពាក់កណ្តាលអធ្រាត្រ បន្ទាប់ពីការសម្តែងរបស់ក្រុមតន្ត្រីករ។

លើសពីនេះទៀត កន្លែងជាច្រើនទៀត និងមនុស្សម្នាជុំវិញពិភពលោកក៏បានបា្ររព្ធពិធីលាឆ្នាំចាស់២០២៣ និងស្វាគមន៍ឆ្នាំថ្មីជាមួយការបាញ់កាំជ្រួចអបអរដ៏ភ្លឺផងដែរ ខណៈពេលដែលមានក្ដីសង្ឃឹមសម្រាប់សន្តិភាព និងស្ថិរភាពពិភពលោក ដែលដូចជាប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស រួមទាំងប្រទេសជាច្រើនទៀតជុំវិញពិភពលោក៕