សម្តេចធិបតី ណែនាំឱ្យបន្តឆ្លាក់រាល់ព្រឹត្តិការណ៍ និងសមិទ្ធផលរបស់កម្ពុជា នៅវិមាននយោបាយឈ្នះ ឈ្នះ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ណែនាំឱ្យក្រុមការងារបន្តសិក្សាស្រាវជ្រាវពាក់ព័ន្ធដំណើរនៃការស្វែងរកសុខសន្តិភាព និងការបិទបញ្ចប់សង្គ្រាមនៅកម្ពុជា និងបន្តឆ្លាក់រាល់ព្រឹត្តិការណ៍ និងសមិទ្ធផលរបស់កម្ពុជានៅវិមាននយោបាយឈ្នះ ឈ្នះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ ឆ្នាំនៃការបញ្ចប់ សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយបានថ្លែងអំណរគុណដល់ក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះទាំងអស់ ជាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងថវិកាក្នុងការកសាងសង់នូវវិមានឈ្នះ ឈ្នះ ខណៈការចំណាយទាំងនេះគឺជាការបង្ហាញនូវការសាមគ្គីគ្នាក្នុងការលើកកម្ពស់ និងការកសាងនូវមជ្ឈមណ្ឌលសម្រាប់ផ្ទុកនូវប្រវត្តិសាស្រ្តរបស់កម្ពុជាសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយ។
សម្តេចធិបតីបានថ្លែងបន្តថា ការសាងសង់នូវវិមានឈ្នះ ឈ្នះ គឺធ្វើឡើងដើម្បីកូនខ្មែរទាំងអស់គ្នា ដើម្បីឲ្យកូនខ្មែរគ្រប់ជំនាន់ចង់ចាំនូវតម្លៃសន្តិភាព តថភាពពិតប្រាកដ របស់កម្ពុជា ហើយក៏បង្ហាញនូវនិមិត្តរូបនៃសន្តិភាពរបស់កម្ពុជាឲ្យស្ថិតស្ថេរជារៀងរហូតទៅផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសាងសង់នូវវិមានឈ្នះ ឈ្នះ មិនមែនសាងសង់ឡើងដើម្បីសម្រាប់ចារិកទុកនូវប្រវត្តិសាស្រ្តបុគ្គលណាម្នាក់នោះទេ មិនមែនធ្វើឡើងសម្រាប់តែសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនោះទេ គឺធ្វើឡើងដើម្បីជាការបង្ហាញ និងទុកជាតឹកតាងនូវប្រវត្តិសាស្រ្តពិតប្រាកដរបស់កម្ពុជាដែលបានកើតឡើងពីអតីតកាល សម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយៗទៀតបានដឹង៕