គណៈរដ្ឋមន្រ្តីថ្មី បើកកិច្ចប្រជុំពេញអង្គលើកដំបូង
ភ្នំពេញ៖ គណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គលើកដំបូង នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នឹងមានការថ្លែងសារពាក់ព័ន្ធអំពី «គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨»។
បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងនេះ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១-ការប្រកាសឱ្យអនុវត្តនូវ“ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។
២-ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ«ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា “ក្រសួងអធិការកិច្ច»។
៣-ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្ដីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន»។
៤-ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។
៥-បញ្ហាផ្សេងៗ ។
កិច្ចប្រជុំនេះ ក៏នឹងមានការផ្សាយផ្ទាល់នៅលើផេកផ្លូវការ Dr. Hun Manet, Prime Minister of Cambodia រួមទាំងបណ្តាញនានារបស់បណ្តាញព័ត៌មាននានាផងដែរ។
សូមរំលឹកថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមាន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងទៅលើសមាសភាពគណៈរដ្ឋមន្រ្តីថ្មីនេះ ។
សភាពគណៈរដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ នៃរដ្ឋសភានេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប មានទេសរដ្ឋមន្រ្តីចំនួន ២១រូប និងរដ្ឋមន្ត្រីប្រមាណ ៤០ក្រសួង-ស្ថាប័ន ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា ៕